
រដ្ឋធានីប៉េកាំង៖ ចិន និងកេនយ៉ា បានប្រកាសពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅកម្រិតថ្មីមួយក្នុងអំឡុងកិច្ចប្រជុំរវាងលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតីកេនយ៉ា លោក វីលាម រូតូ (William Ruto) នៅរដ្ឋធានីប៉េកាំង ខណៈដែលមេដឹកនាំទាំងពីរបានសន្យាថានឹងបង្កើតសហគមន៍ចិន-អាហ្វ្រិកដែលមានភាពធន់នឹងគ្រប់កាលៈទេសៈ។

លោក ស៊ី បាននិយាយថា ពួកគេបានយល់ព្រមដឹកនាំការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិក និងការរួបរួម និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសភាគខាងត្បូង (Global South)។ ប្រធានាធិបតីចិន បានលើកឡើងទៀតថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចល។ អាហ្រ្វិកគឺជាចំណុចផ្តោតសំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ហៅកាត់ថា BRI របស់លោក ស៊ី ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៣ ដើម្បីពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពិភពលោក។ កេនយ៉ាគឺជាប្រទេសចូលរួមក្នុង BRI ដ៏សំខាន់ ហើយរដ្ឋធានីណៃរ៉ូប៊ីបានយកប្រាក់កម្ចីមួយចំនួនពីប្រទេសចិនដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលបានធ្វើឱ្យប្រទេសចិនក្លាយជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសអាហ្វ្រិកខាងកើតនេះ។ ក្នុងចំណោមគម្រោងទាំងនោះ ចិនកំពុងជួយផ្តល់ថវិកាដល់ការអភិវឌ្ឍខ្សែរថភ្លើងទំនើបមួយពីកំពង់ផែ Mombasa ទៅកាន់តំបន់ព្រំដែន។

លោក ស៊ី និងលោក រូតូ បានចុះហត្ថលេខាលើឯកសារចំនួន២០រួមគ្នា។ ទាំងនេះរួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំវិជ្ជាជីវៈ ធនធានទឹក ពាណិជ្ជកម្មអេឡិចត្រូនិក ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងវិស័យផ្លូវដែក។ មន្ត្រីកេនយ៉ាបាននិងកំពុងចូលរួមជាមួយសមភាគីចិន ដើម្បីទទួលបានមូលនិធិសម្រាប់គម្រោងជាច្រើនទៀត រួមទាំងការពង្រីកផ្លូវរថភ្លើងទៅកាន់ព្រំដែនជាមួយប្រទេសអ៊ូហ្គង់ដា។ ប្រទេសនេះកំពុងជួបការលំបាកជាមួយនឹងបន្ទុកបំណុលដ៏ច្រើន។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក រូតូ ទៅកាន់ប្រទេសចិនក្នុងនាមជាប្រធានាធិបតីកេនយ៉ា៕



