ពលរដ្ឋឃុំរហាត់ទឹក និងឃុំបត់ត្រង់ត្អូញត្អែរ ក្រោយផ្លូវកៅស៊ូមួយខ្សែប្រែក្លាយជាជង្ហុកថ្លុកក្របី
ហាក់ អ៊ីឌី
23 មេសា 2025 10:30 AM

ក្រុងសិរីសោភណ្ឌ៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួន២រួមមាន ឃុំរហាត់ទឹក និងឃុំបត់ត្រង់នៃស្រុកមង្គលបូរី បានត្អូញត្អែរ ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមានដំណោះស្រាយលើបញ្ហាផ្លូវកៅស៊ូមួយខ្សែប្រែក្លាយជង្ហុកសំបុកថ្លុកក្របី លាយលំជាមួយដុំគ្រួសបង្កការលំបាកដល់ការធ្វើដំណើរប្រចាំថ្ងៃយ៉ាងខ្លាំង...។

តាមរយៈរូបភាព និងប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ដល់មកកាន់អង្គភាពសារព័ត៌មាន​SBM News នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សង្កេតឃើញថា ផ្លូវកៅស៊ូ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រស្របមាត់ស្ទឹងតភ្ជាប់ពីផ្លូវជាតិលេខ១៦០ បានរងការខូចខាតប្រមាណ២ទៅ៣ឆ្នាំហើយ នៅមិនទាន់មានការជួសជុលឡើងវិញឡើយ បណ្ដាលឱ្យប្រជាពលរដ្ឋជួបការលំបាកកំលុងពេលធ្វើដំណើរ ជាពិសេសនារដូវវស្សា ងាយ និងបង្កគ្រោះថ្នាក់ដោយសារតែមានជង្ហុកធំៗ រីឯរដូវប្រាំងវិញមានគ្រួសធំៗពាសពេញផ្លូវតែម្ដង ។ យ៉ាងណា ប្រជាពលរដ្ឋសំណូមពរដល់ក្រសួងជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តមេត្តាធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋទៅមកឱ្យបានងាយស្រួល និងឆាប់រហ័សបើរង់ចាំគម្រោងមិនដឹងឆ្នាំណា បានផ្លូវល្អទៅមកដោយងាយស្រួលទេ ជាពិសេសអាណិតសិស្សានុសិស្សទៅមកសិក្សានៅរដូវវស្សា។ 

ជុំវិញបញ្ហានេះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងលោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បញ្ជាក់មកកាន់ភ្នាក់ងារ SBM News ក្នុងន័យស្រដៀងគ្នាថា ផ្លូវមួយខ្សែស្របមាត់ស្ទឹងពីចំណុចឃុំរហាត់ទឹក ដល់ឃុំបត់ត្រង់ បានរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំកន្លងទៅ ហើយរដ្ឋបាលខេត្ត ក៏បានធ្វើគម្រោងស្នើសុំទៅក្រសួងជំនាញរង់ចាំគម្រោងថវិកា ដើម្បីកសាងផ្លូវនេះឡើងវិញហើយ៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត