
ក្រុងសិរីសោភណ្ឌ៖ យោងតាមការឱ្យដឹងពីភ្នាក់ងារ SBM News ប្រចាំខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ផ្ទះប្រជាពលរដ្ឋ២៦ខ្នងក្នុងភូមិចំនួន៤នៃឃុំស្រះរាំង ស្រុកមង្គលបូរី បានរងនូវការខូចខាតយ៉ាងដំណំ ក្រោយភ្លៀងធ្លាក់មួយមេយ៉ាងធំភ្ជាប់ដោយខ្យល់កន្ត្រាក់មកជាមួយ...។

លោក អ៊ូ សុភាព អភិបាលរងនៃគណៈអភិបាលស្រុកមង្គលបូរី បានឱ្យដឹងនូវព័ត៌មានបឋមថា ក្រោយមេឃស្ងប់ភ្លៀងបន្តិចអាជ្ញាធរមូលដ្ឋានបានរាយការណ៍ឱ្យលោកជ្រាបនូវហេតុការណ៍ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់លើភូមិចំនួន៤ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណចំនួន២៦ខ្នង ក្នុងនោះ មានផ្ទះឈើមួយខ្នងបានបាក់រលំទាំងស្រុង ដោយប៉ើងស័ង្កសីប្រក់លើដំបូលផ្ទះ និងបាក់ឈើផ្លានតែសំណាងល្អ ឧប្បតិហេតុនៃគ្រោះធម្មជាតិនេះគ្មានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិត។ ជាមួយគ្នា ភ្លាមៗអាជ្ញាធរស្រុកដឹកនាំដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ និងបានប្រមូលកម្លាំងជួយអន្តរាគមន៍រុះរើ និងជួយរៀបចំសម្ភារទុក្ខដាក់ផុតពីទឹកភ្លៀងជាបណ្តោះអាសន្នសិន។

យ៉ាងណា លោក អ៊ូ សុភាព គូសបញ្ជាក់បន្ថែមថា បើអាកាសធាតុគ្មានអ្វីប្រែប្រួលទេនៅថ្ងៃស្អែកលោកអភិបាលស្រុកមង្គលបូរី និងដឹកនាំកងកម្លាំងមូលដ្ឋានបន្តចុះជួយអន្តរាគមន៍ជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង២៦ខ្នងដែលរងការខូចខាត និងបាក់រលំនោះឡើងវិញ។ ក្នុងនោះ អាជ្ញាធរស្រុកក៏នឹងពាំនាំយកនូវអំណោយជួយសង្គ្រោះបឋមជូនប្រជាពលរដ្ឋរងគ្រោះទាំងនោះផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៅថ្ងៃស្អែក ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News នឹងបន្តធ្វើសេចក្តីរាយការណ៍ជូនប្រិយមិត្តជ្រាបជាបន្តទៀត៕ រាយការណ៍ដោយ៖ មករា ឈុន







