
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃអង្គារទី២២ ខែមេសានេះ បានឱ្យដឹងថា អាជ្ញាធរចិន បានបញ្ជូនជនរងគ្រោះក្នុងអំពើជួញដូរមនុស្សពីប្រទេសចិនឱ្យវិលត្រឡប់មកកម្ពុជាវិញចំនួន៩៨នាក់ (ស្រី៩៧នាក់) លើ៤២ករណី...។

តាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃដដែលនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួនលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការផ្អាកដំណើរពលរដ្ឋខ្មែរមិនឱ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ទៅរស់នៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។ ក្នុងន័យនេះ អ្នកនាំពាក្យ សូមធ្វើការពន្យល់ និងបំភ្លឺជូនសាធារណជនថា ក្នុងរយៈពេល(ជិត)៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនៅតាមច្រកទ្វារអន្តរជាតិនានា បានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេសសរុបចំនួន១០៧នាក់ (ស្រី៨២នាក់) ក្នុង៥២ករណី ក្នុងនោះមានពលរដ្ឋខ្មែរចំនួន៩៣នាក់។

ជាមួយគ្នានោះ សម្រាប់ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមត្ថកិច្ចបានទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេសសរុបចំនួន៧៥នាក់ ក្នុង៣៦ករណី ក្នុងនោះមានស្រី៥៥នាក់។ ហើយក្នុងចំណោមមនុស្សទាំង៧៥នាក់នោះ មានពលរដ្ឋខ្មែរចំនួន៦៥នាក់ ហើយមានពលរដ្ឋខ្មែរតែ៣នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រៅពីនោះត្រូវបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងតាមបណ្តាស្នងការដ្ឋាននគរបាលខេត្តនានា ដើម្បីស៊ើបអង្កេតបន្ត ករណីសង្ស័យនៃការជួញដូរមនុស្សទៅក្រៅប្រទេស។ ដូច្នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនបានរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសនោះទេ ប៉ុន្តែបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទប់ស្កាត់អំពើជួញដូរមនុស្ស ដូចជាការសម្ភាស ដើម្បីដឹងពីមូលហេតុនៃការចាកចេញពីកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឧបាយកលលួងលោម បោកបញ្ឆោតផ្សេងៗរបស់ក្រុមមេខ្យល់ និងក្រុមឧក្រិដ្ឋជនជួញដូរមនុស្សគ្រប់ទម្រង់ និងតាមគ្រប់មធ្យោបាយ ដោយបង្កប់នូវកលល្បិចនៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសលើស្ត្រី និងកុមារ..៕





