
រាជធានីភ្នំពេញ៖ ក្រោយពិនិត្យឃើញមានករណីជនខិលខូចលួចក្លែងបន្លំគេហទំព័រ សម្រាប់ការបំពេញព័ត៌មាន តាមអាកាសយានដ្ឋានអន្តរជាតិ Cambodia e-Arrival អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ អំពាវនាវដល់អ្នកធ្វើដំណើរតាមយន្តហោះទាំងអស់ ប្រុងប្រយ័ត្ន និងត្រូវពិនិត្យឱ្យបានច្បាស់មុនពេលចូលបំពេញបែបបទ…។

តាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា សម្រាប់ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា “www.arrival.gov.kh” ឬកម្មវិធី “Cambodia e-Arrival” ពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ ពោលគឺលើកលែងតែថ្លៃកម្រៃទិដ្ឋាការប៉ុណ្ណោះ។ ហេតុនេះ ស្ថាប័នជំនាញបដិសេធទាំងស្រុងចំពោះគេហទំព័រណាមិនមានឈ្មោះដូចបានបញ្ជាក់ខាងលើ និងអំពាវនាវដល់អ្នកប្រើប្រាស់បង្កើនការប្រុងប្រយ័ត្ន។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សង្កត់ធ្ងន់ថា៖«សូមអ្នកដំណើរចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលទៅគេហទំព័រ សម្រាប់ការបំពេញព័ត៌មានសលាកបត្រតាមប្រព័ន្ធអេឡិចត្រូនិក សូមធ្វើការពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងការចូលទៅគេហទំព័រក្លែងបន្លំនានា ដែលនាំឱ្យមានការខាតបង់ថវិកា ឬការលួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់»។

ក្រៅតែពីការបញ្ជាក់នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថែមទាំងចាត់ទុកថា ការបង្កើតគេហទំព័រ ឬកម្មវិធីដែលមិនស្របច្បាប់ និងក្លែងបន្លំ ទាំងនោះធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ជាពិសេសកិត្តិយសកម្ពុជា។ ហេតុនេះអគ្គនាយកដ្ឋាន និងចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះជនណាដែលបង្កើតគេហទំព័រ ឬកម្មវិធីក្លែងបន្លំនានាក្នុងរូបភាពដើម្បីបោកប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។ សូមជម្រាបថា Cambodia e-Arrival ត្រូវបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យ សាធារណជន ឬអ្នកដំណើរជាតិ និងអន្តរជាតិ អាចចូលទៅក្នុងប្រព័ន្ធរួចបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងអំឡុងពេល៧ថ្ងៃ មុនថ្ងៃចេញដំណើរ ហើយអាចប្រើបាន៧ភាសា។ ប្រព័ន្ធនេះត្រូវបានគេរំពឹងថា អាចជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញប្រទេស ហើយធានាថា អ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល៕



