
រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រីចំនួន២១នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញ ក្រោយរកឃើញលួចស្នាក់នៅធ្វើការងារខុសច្បាប់។ នេះបើតាមការឱ្យដឹងពីអគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះ ធ្វើឡើងតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕




