រាជធានីភ្នំពេញ៖ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាកម្ពុជា បានបន្តបង្កើន និងលើកកម្ពស់ការងារការទូតជាមួយស្ថាប័នសភានៃប្រទេសដទៃ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

ព្រឹទ្ធសភា គូសបញ្ជាក់ថា រយៈពេល៣ខែក្នុងឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយភ្ញៀវអន្តរជាតិ ឯករាជរដ្ឋទូត-ឯកអគ្គរដ្ឋទូត និងស្ថាប័ននានាចំនួន១៤លើក ព្រមទាំងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-ឡាវ-វៀតណាម។ ព្រឹទ្ធសភារំលេចបន្ថែមថា ក្នុងរយៈពេល៣ខែនេះ សមាជិក-សមាជិកាព្រឹទ្ធសភា ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំបរទេសគ្រប់ជាន់ថ្នាក់ អង្គទូតនៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ ក៏ដូចជាស្ថាប័ន ផ្នែកធុរកិច្ច សង្គម ស្រាវជ្រាវ និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន២៦លើក។

លើសពីនេះ សមាជិកព្រឹទ្ធសភា បានចូលរួមមហាសន្និបាតសហភាពអន្តរជាតិសភាលើកទី១៥០, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមហាសន្និបាតសហភាពអន្តរសភា និងសន្និសីទលើកទី៤នៃបណ្តាញសភាក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធនៅប្រទេសអ៊ូសបេគីស្ថាន, ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងមហាសន្និបាតលើកទី១៥នៃសភាតំបន់អាស៊ីនៅប្រទេសអាស៊ែបៃហ្សង់, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាញហ្វ្រង់កូហ្វូន, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំបន់អាស៊ីនៅប្រទេសអ៊ីរ៉ាក់, កិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង ទស្សនកិច្ចសិក្សាស្វែងយល់អំពីរោងចក្រផលិតជីសរីរាង្គ និងទស្សនកិច្ចតំបន់កសិកម្ម កសិ-ឧស្សាហកម្ម នៅខេត្តសានដុងប្រទេសចិន ។ល៕




