
រាជធានីភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យលើបេក្ខភាពលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និងបេក្ខភាពលោក ធន់ វឌ្ឍនា ជាអនុប្រធានទី២ ហើយក្រោយបញ្ចប់កិច្ចប្រជុំនៅថ្នាក់គណៈកម្មាធិការអចិន្ត្រៃយ៍នេះ ព្រឹទ្ធសភា ក៏បន្តទៅបើកកិច្ចប្រជុំពេញអង្គ នៅរសៀលថ្ងៃនេះដដែលតែម្តង ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោកទាំង២ ក្លាយជាអនុប្រធានថ្មីរបស់ព្រឹទ្ធសភា។

សូមបញ្ជាក់ថា ក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេចតេជោ ជាប្រធាន លោក ប្រាក់ សុខុន ជាអនុប្រធានទី១ លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ហើយលោក ធន់ វឌ្ឍនា ជាប្រធានគណៈកម្មការជំនាញទី២ ដែលជាគណៈកម្មការជំនាញ១ ក្នុងចំណោមគណៈកម្មការជំនាញទាំង១០របស់ព្រឹទ្ធសភា។ លោក អ៊ុច បូររិទ្ធ ត្រូវគណបក្សប្រជាជនកម្ពុជា រុញពីអនុប្រធានទី២នៃព្រឹទ្ធសភា ឡើងទៅអនុប្រធានទី១ ហើយលោក ធន់ វឌ្ឍនា ត្រូវគណបក្សកាន់អំណាចមួយនេះ រុញពីប្រធានគណៈកម្មការជំនាញទី២ ទៅជាអនុប្រធានទី២នៃព្រឹទ្ធសភា។

ការរំកិលតំណែងពីមួយថ្នាក់ទៅមួយថ្នាក់ក្នុងស្ថាប័នព្រឹទ្ធសភាបែបនេះ កើតឡើងបន្ទាប់ពីលោក ប្រាក សុខុន អនុប្រធានព្រឹទ្ធសភាទី១ ត្រូវបានរៀបចំឱ្យទៅកាន់តំណែងរដ្ឋមន្រ្តីការបរទេសឡើងវិញ ជំនួសលោក សុខ ចិន្តាសោភា។ លោក ប្រាក់ សុខុន ធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេសម្តងរួចមកហើយ ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣៕




