កម្ពុជា-ចិន មានគំនិតធ្វើផ្លូវដែកភ្ជាប់ប្រទេសទាំងពីរ
អុន សម្ផស្ស
21 មេសា 2025 09:00 AM

រាជធានីភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើទំនើបកម្មផ្លូវដែកក្នុងស្រុក ភាគីចិនតាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏បានប្រកាសគាំទ្រ និងជំរុញការតភ្ជាប់ការដឹកជញ្ជូនកម្ពុជា-ចិន និងប្រទេសក្នុងតំបន់។ ទាក់ទិននឹងកិច្ចការតភ្ជាប់ផ្លូវដែកនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ប្រទេសទាំងពីរពិតជាកំពុងគិតគូរ...។

រូបភាពតំណាង
រូបភាពតំណាង

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ថ្លែងប្រាប់ SBM News តាមរយៈប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២១មេសា ឆ្នាំ២០២៥នេះថា ជាទស្សនវិស័យដែលក្រសួងសាធារណការ ត្រូវភ្ជាប់ការដឹកជញ្ជូនទំនិញលើខ្សែផ្លូវដ៏វែងឆ្ងាយ។ លោកបន្តសង្កត់ធ្ងន់ថា៖«កន្លងមកយើងមានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយប្រទេសថៃ និងក្នុងក្របខណ្ឌអាស៊ាន។ ដោយឡែក យើងមិនទាន់មានកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែកជាមួយប្រទេសចិនទេ តែយើងបានគិតគូរខ្ពស់លើបញ្ហានេះ។ នាពេលបន្ទាប់ យើងនឹងប្រឹងប្រែង ដើម្បីឱ្យការតភ្ជាប់ផ្លូវដែកកាន់តែមានវិសាលភាពធំ ហើយការសាកល្បង និងនីតិវិធីគយ ក៏ត្រូវបានគិតខ្ពស់ផងដែរ»

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ 
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ 

ការបញ្ជាករបស់អ្នកនាំពាក្យធ្វើឡើងពីរថ្ងៃក្រោយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (汪文斌) ថ្លែងបង្ហើបពីគម្រោងធ្វើផ្លូវដែកភ្ជាប់កម្ពុជា-ចិន។ លោក វ៉ាង វិនពីន ថ្លែងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងលើគម្រោងផ្លូវដែកល្បឿនលឿន និងកំពុងពិភាក្សាគ្នានៅពេលខាងមុខជាមួយកម្ពុជា អំពីការតភ្ជាប់ផ្លូវដែកត្រង់រវាងប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។ ប៉ុន្តែទោះជាយ៉ាងណា លោកឯកអគ្គរដ្ឋទូត មិនទាន់បញ្ជាក់ទេថា តើគម្រោងសិក្សាផ្លូវដែកតភ្ជាប់ត្រង់មកកម្ពុជានឹងត្រូវឆ្លងកាត់តាមប្រទេសណាខ្លះទេ?

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

សូមរំឭកថា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា ធ្លាប់បញ្ជាក់ថា កម្ពុជាបានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។ តាមលោករដ្ឋមន្ត្រី ក្នុងរយៈពេលមធ្យម កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែកអាចបើកបានល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទៅកាន់ក្រុងសៀមរាប។

រូបភាពតំណាង
រូបភាពតំណាង

ដោយឡែក សម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៥គម្រោង។ គម្រោងទាំង៥រួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត តាមកំពង់ធំ និងសៀមរាប។ ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះ កម្ពុជាក៏នឹងសាងសង់ប្រព័ន្ធផ្លូវដែកក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំងផងដែរ៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត