
រាជធានីភ្នំពេញ៖ ព្រោះតែជួបរឿងអយុត្តិធម៌ គឺដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ពីករណីគេចាប់រំលោភ តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹង ប្តី និងប្រពន្ធដែលត្រូវគេរំលោភនោះ ដឹកដៃគ្នាឡើងស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន កាលពីថ្ងៃទី១៨មេសា តែត្រូវបានជួយសង្គ្រោះ។ ក្រោយឃើញហេតុការណ៍នេះ សមត្ថកិច្ចអះអាងថា នឹងស្វែងរកស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹង។ នេះបើតាមសេចក្តបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលយប់ថ្ងៃទី១៨ឈានចូលថ្ងៃទី១៩មេសា ឆ្នាំ២០២៥។

សេចក្តីបំភ្លឺរបស់អាជ្ញាធរ បានភ្ជាប់ជាមួយវីដេអូសួរនាំបងប្អូនជីដូនមួយរបស់ស្ត្រីរងគ្រោះ (ស្រ្តីដែលត្រូវគេចាប់រំលោភ)។ សមត្ថកិច្ចបញ្ជាក់ថា កំពុងតាមស្វែងរកពីរនាក់ប្ដីប្រពន្ធនោះ ដើម្បីសួរនាំ ប៉ុន្តែរកមិនឃើញនោះទេ ដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ ទោះបីយ៉ាងណាក៏ដោយ ក្រោយសមត្ថកិច្ចបានទទួលព័ត៌មានពីរឿងនេះ បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនល្មើស និងកំពុងព្យាយាមស្វែងរកស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

សូមរំឭកថា តាមសមត្ថកិច្ចកាលពីថ្ងៃទី១៦មេសា វេលាម៉ោង៣រសៀល មានស្ត្រីរងគ្រោះ និងបងប្អូនជីដូនមួយពីរនាក់ បាននាំគ្នាមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដាក់ពាក្យបណ្តឹងពីករណីចាប់រំលោភ។ ស្ត្រីជាជនរងគ្រោះ បានមករាយការណ៍ដោយផ្ទាល់ផងដែរថា ហេតុការណ៍ចាប់រំលោភខ្លួន បានកើតឡើងកាលថ្ងៃទី១៥មេសា នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបន្ថែមថា ពេលជនរងគ្រោះមកជួបមន្រ្តីប៉ុស្តិ៍ពីរនាក់ក៏បានសួរនាំរឿងហេតុការណ៍ជុំវិញករណីរំលោភនោះ ប៉ុន្តែក្រោយសមត្ថកិច្ចសួរនាំបានបន្តិច ជនរងគ្រោះ ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ ភ្លាមៗសមត្ថកិច្ចអះអាងថា មន្ត្រីខ្លួនក៏បានតាមហៅស្ត្រីរងគ្រោះខាងលើមកវិញ ដើម្បីសរសេរពាក្យបណ្ដឹងបន្ដតែត្រូវស្ត្រីខាងលើបដិសេធ ក្នុងពេលនោះក៏មានអ្នកមកបងប្អូនស្ត្រីរងគ្រោះមកជួយដេញតាមឃាត់នាងដែរ តែស្ត្រីរងគ្រោះមិនព្រមក៏ដើរគេចបាត់ទៅ៕



