
រាជធានីភ្នំពេញ៖ ឈរលើទឹកដីកម្ពុជា ប្រមុខដឹកនាំកំពូលចិន លោក ស៊ី ជីនពីង បានប្រាប់ថ្នាក់ដឹកនាំកម្ពុជា ថាចិនគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការសាងសង់។ ជំហរគាំទ្រនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីរសៀលថ្ងៃទី១៧មេសា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យ ដែលបង្ហាញពីសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុត ដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅ លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរ។ វត្តមានប្រធានាធិបតីចិននៅកម្ពុជានាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្សឱ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ សម្ដេចតេជោ បានស្នើឱ្យភាគីចិនបន្តគាំទ្រការអភិវឌ្ឍក្នុងប្រទេសកម្ពុជា និងជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជា ក្នុងការអភិវឌ្ឍ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឆ្លើយតបនឹងសំណើរបស់សម្ដេចតេជោ ហ៊ុន សែន ថា «ភាគីចិនគឺគាំទ្រកម្ពុជា ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ»។ លោក ស៊ី ជីនពីង បញ្ជាក់បន្ថែមទៀតថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និងក្របខ័ណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានក្នុងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងការត្រេកអរដែលមេដឹកនាំកំពូលចិន បង្ហាញការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ខណៈព្រែកជីកនេះមានសារសំខាន់ បម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបថា ក្នុងអំឡុងពេលលោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកចម្រុះ ស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង តុងចូវ (Wang Tong Zhou) ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។ នៅមានឯកសារចំនួន៣៧ផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខារួមគ្នារវាងកម្ពុជា-ចិន នាអំឡុងពេលលោក ស៊ី ជីនពីង បំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកសារទាំង៣៧នោះ ផ្តោតលើ វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, និង វិស័យកិច្ចការនារី ជាដើម៕





