UN៖ ប្រជាជនស៊ូដង់១៣លាននាក់ភៀសខ្លួនពីការប្រយុទ្ធគ្នា ខណៈសង្គ្រាមឈានចូលឆ្នាំទី៣
N
Nary Vann
15 មេសា 2025 07:30 AM

សង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់បានបង្ខំឱ្យមនុស្ស១៣លាននាក់ផ្លាស់ទីលំនៅ ខណៈជម្លោះរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សបារ៉ាយោធា (RSF) ឈានចូលដល់ឆ្នាំទីបី។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤ខែមេសា។

លោក Abdourahouf Gnon-Konde នៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងបទសម្ភាសជាមួយ AFP ថា៖«ជម្លោះនេះបានបង្កឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនចំនួន១៣លាននាក់ រួមទាំងអ្នកផ្លាស់ទីលំនៅខាងក្នុងប្រទេសចំនួន ៨,៦លាននាក់ និងជនភៀសខ្លួនទៅបរទេសចំនួន៣,៨លាននាក់»។ សង្រ្គាមដែលបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឆក់យកជីវិតរបស់មនុស្សរាប់ម៉ឺននាក់ រុញច្រានផ្នែកខ្លះនៃប្រទេសស៊ូដង់ឱ្យធ្លាក់ក្នុងគ្រោះទុរ្ភិក្ស និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងទឹកដីដែលគ្រប់គ្រងដោយសង្រ្គាម។ នៅមុនថ្ងៃខួបលើកទី២ នៃសង្រ្គាម​ កងកម្លាំង RSF បានចាប់ផ្តើមការវាយលុកថ្មីកាលពីសប្តាហ៍មុន ដើម្បីដណ្តើមយកទីក្រុង El-Fasher ដែលជាទីក្រុងសំខាន់ចុងក្រោយនៅក្នុងតំបន់ភាគខាងលិច ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព។

ការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយបានផ្ទុះឡើងរហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយបានកំណត់គោលដៅទៅលើ El-Fasher និងជំរំជនភៀសខ្លួន ដែលកំពុងញាំញីដោយគ្រោះទុរ្ភិក្ស។ អង្គការសហប្រជាជាតិដោយផ្អែកលើប្រភពរបស់ខ្លួនបានឱ្យដឹងថា មនុស្សជាង៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចុងក្រោយនេះ។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់អង្គការសហប្រជាជាតិបាននិយាយថា ចាប់តាំងពីពេលនោះមក មនុស្សប្រហែល៤សែននាក់ត្រូវបានផ្លាស់ទីលំនៅចេញពីជំរំ។ លើសពីនេះ វេជ្ជបណ្ឌិតគ្មានព្រំដែនបាននិយាយថា មនុស្សប្រហែល ១ម៉ឺននាក់បានភៀសខ្លួនទៅកានកោះ Tawila ជិត៧០គីឡូម៉ែត្រភាគខាងលិចនៃ El-Fasher ក្នុងរយៈពេល៤៨ម៉ោង ដើម្បីគេចចេញពីការបាញ់ផ្លោង។ អង្គការសប្បុរសធម៌វេជ្ជសាស្ត្រអន្តរជាតិបាននិយាយថា ជនស៊ីវិលដែលភាគច្រើនជាស្ត្រី និងកុមារបានមកទៅដល់កោះនេះ ដោយស្ថានភាពខ្វះជាតិទឹក ហើយរាយការណ៍អំពីអំពើហិង្សាដ៏គួរឱ្យរន្ធត់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត