អន្តរក្រុង៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តក្រចេះនិងត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរមកដើរលេងកម្សាន្តក្នុងតំបន់សង្ក្រាន្ត និងដើរលេងកម្សាន្តតាមរមណីយដ្ឋាន សរុមមានចំនួនប្រមាណ១៣៥ ៦០៤នាក់...។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី១៤មេសា មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងចំនួនប្រមាណចំនួន៥៧២៣៩នាក់។ មន្ទីរទេសចរណ៍ បន្ថែមថា រដ្ឋបាលខេត្តក្រចេះ បានរៀបចំសង្ក្រាន្តក្រចេះរយៈពេលបីថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ដោយមានការរៀបចំប្រគំតន្ត្រី និងកម្មវិធីលេងកម្សាន្តតាមបែបប្រពៃណីជាច្រើនមានដូចជា ទាញព្រ័ត្រ រាំវង់ លាក់កន្សែង ។ល។ លើសពីនេះនៅតាមតំបន់រមណីយដ្ឋាននានា និងតាមបណ្ដាស្រុកក៏មានការរៀបចំកម្មវិធីសង្ក្រាន្ត ព្រមទាំងមានលេងកម្សាន្តផ្សេងៗផងដែរ។

ដោយឡែក បើតាមរបាយការណ៍របស់ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថានៅថ្ងៃទី១៤មេសាមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តត្បូងឃ្មុំ» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ ៧៨៣៦៥នាក់។ ឆ្នាំនេះមានរៀបចំកម្មវិធីកម្សាន្តសប្បាយៗរួមមាន លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត។ ជាពិសេសនាពេលយប់ ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីផងដែរ៕ រាយការណ៍ដោយ៖ លោក SN




