
ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋហ្វីលីពីន២៦នាក់ដែលកំពុងធ្វើការនៅកាស៊ីណូមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នឹងត្រូវអាជ្ញាធរកម្ពុជារៀបចំបញ្ជូនចេញពីរាជធានីភ្នំពេញ ទៅរដ្ឋធានីម៉ានីលឡាវិញក្រោយមានការស្នើសុំពីអាជ្ញាធរហ្វីលីពីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២៥…។

អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ពលរដ្ឋហ្វីលីពីនទាំង២៦នាក់នោះ នឹងត្រូវបញ្ជូនចេញពីកម្ពុជា តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ក្រោមការយកចិត្តទុកដាក់រៀបចំ និងចំណាយពីនិយោជកផ្ទាល់។ ចំពោះមូលហេតុនៃការបញ្ជូនជនជាតិហ្វីលីពីនោះ គឺធ្វើឡើងតាមសំណូមពររបស់ស្ថានទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិសង្កត់ធ្ងន់ថា៖«ពលរដ្ឋហ្វីលីពីនទាំង២៦នាក់ បានធ្វើដំណើរមកកាន់កម្ពុជាដោយភាពត្រឹមត្រូវស្របច្បាប់ ដើម្បី ស្វែងរកការងារធ្វើដោយខ្លួនឯង គ្មានសញ្ញាណរងគ្រោះដោយអំពើជួញដូរមនុស្ស មានសេរីភាព និងរស់នៅល្អ ព្រមទាំងទទួលបានប្រាក់ខែទៀងទាត់»។

ស្នងការនគរបាលជាតិពន្យល់ថា ទោះបីពលរដ្ឋហ្វីលីពីនទាំងនោះមិនស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ ឬរងការគម្រាមកំហែងដោយនិយោជិតដូចព័ត៌មានប្រឌិតដោយភាគីផ្សេងទៀតក៏អាជ្ញាធរកម្ពុជា សម្រេចរៀបចំការបញ្ជូនចេញស្របតាមការសំណូមពររបស់ស្ថានទូត។ ជាមួយគ្នានោះ អាជ្ញាធរថា ខ្លួនរីករាយស្វាគមន៍រាល់សំណើសុំកិច្ចសហការត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោយត្រឡប់ទៅដល់ប្រទេសកំណើតវិញប្រជាជនហ្វីលីពីនទាំងនោះនឹងមិនបន្តបង្កើតព័ត៌មានអកុសលផ្សេងៗធ្វើឱ្យភាន់ច្រឡំប៉ះពាល់ដល់កិត្តិយសកម្ពុជា៕



