
ខេត្តត្បូងឃ្មុំ៖ កម្មករប្រមាណជាង៤០០នាក់ បម្រើការងារសាងសង់អគារកាស៊ីណូ ខេអេក រ៉ុងស៊ីងហ្គោលឌិនលែន អ៊ិនវែស បាននាំគ្នាបិទផ្លូវនៅចំណុចភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បង្ហាញការតវ៉ាស្នើសុំក្រុមហ៊ុនឱ្យបើកប្រាក់ឈ្នួលដល់ពួកគេ ដើម្បីបានត្រឡប់ទៅស្រុកកំណើត និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្រោយពីទទួលបានដំណឹងនេះ នៅយប់ម៉ោង៧កន្លះ ថ្ងៃទី១១មេសា លោក ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំអាជ្ញាធរស្រុកពញាក្រែក និងលោកមេឃុំត្រពាំងផ្លុង ចុះទៅសម្របសម្រួលដល់កម្មករ។

បន្ទាប់ពីមានការចុះទៅសម្របសម្រួលពីលោកអភិបាលរងខេត្ត ភាគីក្រុមហ៊ុនក៏បានរាយការណ៍ថា ចំពោះករណីខកខានបើកប្រាក់ឈ្នួលដល់កម្មករនេះ គឺដោយសារក្រុមហ៊ុនបានបើកផ្តល់ប្រាក់ឈ្នួលទៅឱ្យអ្នកម៉ៅការគ្រប់ចំនួនហើយ ប៉ុន្តែអ្នកម៉ៅការបានគេចវេះមិនព្រមចូលខ្លួនដោះស្រាយដល់កម្មករ។ ក៏ប៉ុន្តែ ក្រោមការសម្របសម្រួលពីអាជ្ញាធរ នៅទីបំផុត ភាគីក្រុមហ៊ុនបានយល់ព្រមបើកប្រាក់ឈ្នួលដល់កម្មករ និងបានបើកផ្លូវឱ្យធ្វើចរាចរណ៍ឡើងវិញ៕ រាយការណ៍ដោយ៖ SN ភ្នាក់ងារខេត្តក្រចេះ




