
ខេត្តបន្ទាយមានជ័យ៖ កម្មកររាប់រយនាក់ ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ អឹម អិល អ៊ិន ធីមេត អឹ ភែ រីល «ML INTIMATE APPAREL (CAMBODIA )LTD» នៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០២៤ នាំគ្នាប្រមូលផ្តុំតវ៉ាទាមទារឱ្យម្ចាស់ក្រុមហ៊ុនជនជាតិចិន បើកប្រាក់ខែទៀងទាត់គ្រប់ចំនួនតាមច្បាប់ការងារបានកំណត់។

កម្មករធ្វើការរោងចក្រ ដែលកំពុងតវ៉ាក្នុងតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន SBM ដែលចុះទៅដល់ទីនោះផ្ទាល់ថា ជារៀងរាល់ខែថៅកែក្រុមហ៊ុនខ្លួនតែងតែបើកប្រាក់ខែឱ្យ៤ដងក្នុង១ខែ។ ការបើកប្រាក់ខែបែបនេះ គឺព្រោះតែថៅកែរោងចក្រ ព្យាយាមលើកពេល ឬពន្យារពេលថ្ងៃបើកប្រាក់ខែដោយមិនច្បាស់លាស់។ កម្មករទាំងនោះបន្ថែមថា អ្វីដែលសំខាន់គឺពួកគាត់មិនអាចដោះស្រាយជីវភាពគ្រួសារបានគ្រប់ ព្រោះការបើកប្រាក់ខែនោះច្រើនដងមែនតែមិនគ្រប់ចំនួន។

ម្យ៉ាងវិញទៀតពួកគាត់ថា ការធ្វើដូច្នេះរបស់ភាគីនិយោជក គឺផ្ទុយពីច្បាប់ការងារដែលអនុញ្ញាតឱ្យកម្មករ-កម្មការិនី ធ្វើការដោយទទួលបានប្រាក់បៀវត្សក្នុង១ខែចំនួន២ដង។ ក្រុមកម្មករនិយាយថា៖«ថ្ងៃនេះដល់ពេលដែលត្រូវបើកប្រាក់ការងារហើយ តែថៅកែបានលើកពេលសុំបើកឱ្យនៅថ្ងៃផ្សេងវិញ។ បើថៅកែមិនបើកប្រាក់ខែឱ្យទេ ពួកគាត់នឹងលើកគ្នាទៅឈរតវ៉ាមុខរោងចក្ររាល់ថ្ងៃ ហើយមិនចូលធ្វើការទៀត»។ ទន្ទឹមគ្នានោះ ក្រុមកម្មករដដែល បានស្នើយ៉ាងទទូចដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ មន្ទីរការងារ និងក្រសួងពាក់ព័ន្ធជួយពិនិត្យបញ្ហានេះផង។

ពាក់ព័ន្ធករណីនេះ មិនទាន់ឃើញមានការឆ្លើយតបបែបណាពីខាងអាជ្ញាធរក៏ដូចជាតំណាងក្រុមហ៊ុនរោងចក្រចេញមកដោះស្រាយនៅឡើយទេ គិតត្រឹមរសៀលថ្ងៃ៦កញ្ញា។ ប៉ុន្តែគេឃើញវត្តមានអាជ្ញាធរថ្នាក់ខេត្ត-ក្រុង ដឹកនាំក្រុមការងារប្រជុំ ជាមួយតំណាងរោងចក្រ និងតំណាងក្រុមកម្មករនៅសាលប្រជុំមួយក្នុងតំបន់ឧស្សាហកម្មនោះ។ អាជ្ញាធរតំបន់ក៏បានប្រាប់ដែរថា ក្រុមមន្ត្រីជំនាញក៏ដាក់កម្លាំងប្រចាំការតាមតំបន់ឧស្សាហកម្ម ហើយបើមានបញ្ហាណាមួយកើតឡើងត្រូវជួបជាមួយមន្ត្រីតំណាងក្រសួងការងារ ឬជួបតំណាងរោងចក្រចៀសវាងធ្វើអ្វីមួយដែលខុសច្បាប់៕
រាយការណ៍ដោយ៖ លោកឈុន មករា អ្នកសារព័ត៌មានរបស់ SBM News ប្រចាំខេត្តបន្ទាយមានជ័យ




