សង្ក្រាន្តវត្តភ្នំ នឹងមានរៀបចំសម្ដែងល្ខោនយីកេរឿង «ពុទ្ធិសែន នាងកង្រី» អបអរឆ្នាំថ្មី
អុន សម្ផស្ស
10 មេសា 2025 11:30 AM

រាជធានីភ្នំពេញ៖ «​យីកេ​» ជាទម្រង់​ល្ខោនខ្មែរមួយប្រភេទទទួលការពេញនិយមជាខ្លាំងពីសំណាក់មហាជន ប៉ុន្តែសម័យបច្ចុប្បន្នទម្រង់​ល្ខោនមួយប្រភេទនេះ ពុំសូវមានការសម្ដែងជាសាធារណៈញឹកញាប់ដូចកាលសម័យសង្គមរាស្ត្រនិយមឡើយ។ ដើម្បីគាស់កកាយ និងចង់រំឭកឱ្យកូនខ្មែរបានទស្សនាទម្រង់​ល្ខោនយីកេនេះ អាជ្ញាធររាជធានី នឹងរៀបចំឱ្យមានការសម្ដែង «ល្ខោន​យីកេ​» ក្នុងឱកាសសង្ក្រាន្តវត្តភ្នំ នាពេលខាងមុខ...។

បើតាមការផ្សាយរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ជាការជូនដំណឹងថា៖«មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកទស្សនីយភាពសិល្បៈល្ខោនយីកេរឿង ពុទ្ធិសែន នាងកង្រី មកសម្ដែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ»

សូមជម្រាបថា សង្ក្រាន្តវត្តភ្នំ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសកាលពីដើមខែមេសាថា នឹងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ពីចំណុចមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវត្តភ្នំតែម្ដង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ហាក់មិនខុសពីឆ្នាំមុនៗ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំនូវកម្មវិធីវប្បធម៌ខ្មែរជាច្រើន ដើម្បីបង្ហាញឱ្យសាធារណជនបានឃើញ និងជាការអភិរក្ស លើកស្ទួយនូវសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងតុបតែងលម្អដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត