មហាជនសម្ដែងការហួសចិត្តសមត្ថកិច្ចក្រុងក្រចេះ បណ្តែតបណ្តោយឱ្យក្រុមឈ្មួញទុច្ចរិតដឹកជញ្ជូនឈើកក្រើកក្រុងបានដោយរលូន
អាន ប៊ុនរ័ត្ននៈ
10 មេសា 2025 06:30 AM

ក្រុងក្រចេះ៖ សកម្មភាពដឹកជញ្ជូនឈើប្រណិតតាមរថយន្តស៊ាំយ៉ុងរបស់ក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តក្រចេះ ហាក់មិនថមថយឡើយ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ មានរថយន្តដឹកឈើ៣គ្រឿងឆ្លងកាត់កណ្តាលក្រុងក្រចេះបានដោយរលូន ដើម្បីយកទៅលក់នៅស្រុកឆ្លូង ដោយគ្មានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះបង្ក្រាបឡើយ...។

រថយន្តស៊ាំយ៉ុងដឹកឈើ បើកឆ្លងកាត់កណ្តាលក្រុងក្រចេះ រូបភាព៖ SN ថតយប់ថ្ងៃទី០៩ មេសា ២០២៥
រថយន្តស៊ាំយ៉ុងដឹកឈើ បើកឆ្លងកាត់កណ្តាលក្រុងក្រចេះ រូបភាព៖ SN ថតយប់ថ្ងៃទី០៩ មេសា ២០២៥

ប្រភពពីភ្នាក់ងារ SBM News ប្រចាំក្រុងក្រចេះបានឱ្យដឹងថា កាលពីវេលាម៉ោង២៣៖៤៥នាទីយប់ថ្ងៃពុធទី០៩ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាយការណ៍មកថា មានរថយន្តស៊ាំយ៉ុង៣គ្រឿងផ្ទុកដោយឈើប្រណិតបានបើកឆ្លងកាត់ទីរួមក្រុងក្រចេះបានយ៉ាងរលូន និងដោយសុវត្ថិភាពមិនបង្កការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធប្រចាំការតាមច្រកនីមួយៗនៃបណ្តាផ្លូវក្រវាត់ក្រុងឡើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលបានដឹងរឿងនេះច្បាស់បញ្ជាក់ថា រថយន្តដឹកឈើទាំង៣គ្រឿងខាងលើនេះ បានធ្វើសកម្មភាពដឹកឈើចេញពីតំបន់ព្រៃឡង់នៃស្រុកអូរគ្រៀងសែនជ័យ ឆ្លងកាត់ទីរួមស្រុកសម្បូរ ឆ្ពោះទៅស្រុកឆ្លូងដោយឆ្លងកាត់ទីរួមខេត្តក្រចេះ ដើម្បីយកទៅចែកចាយបន្ត ដោយគ្មានកោតញញើតអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលកំពុងនៅប្រចាំការតាមគោលដៅនានាឡើយ។

រថយន្តស៊ាំយ៉ុងដឹកឈើ បើកឆ្លងកាត់កណ្តាលក្រុងក្រចេះ រូបភាព៖ SN ថតយប់ថ្ងៃទី០៩ មេសា ២០២៥
រថយន្តស៊ាំយ៉ុងដឹកឈើ បើកឆ្លងកាត់កណ្តាលក្រុងក្រចេះ រូបភាព៖ SN ថតយប់ថ្ងៃទី០៩ មេសា ២០២៥

ពលរដ្ឋឱ្យដឹងបន្តថា មហាជនបានសម្ដែងការងឿងឆ្ងល់ជាខ្លាំងចំពោះសកម្មភាពដឹកឈើរបស់ក្រុមឈ្មួញឧក្រិដ្ឋជនទាំងនោះ ថាតើពួកគេមានខ្នងបង្អែកធំប៉ុណ្ណា...ទើបហ៊ានដឹកឈើឆ្លងកាត់កណ្តាលក្រុងយ៉ាងរលូនបែបនេះ? ហើយថាតើមន្ត្រីជំនាញដែលនៅប្រចាំការតាមគោលដៅនានាទាំងនោះ បាត់ទៅណាអស់ហើយ បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញធ្វើសកម្មភាពក្នុងដែនដីក្រោមការគ្រប់គ្រងរបស់ខ្លួនបែបនេះ ឬមួយក៏ពួកគេដឹងមុន ហើយបើកដៃឱ្យក្រុមឈ្មួញទុច្ចរិតទាំងនោះធ្វើសកម្មភាពចរាចរឈើបានដោយសុវត្ថិភាព? យ៉ាងណា ចម្ងល់របស់មហាជននេះ គ្មានចម្លើយពីមន្ត្រីជំនាញពាក់ព័ន្ធឡើយ ដោយលោកមន្ត្រីទាំងនោះម្នាក់ៗបានរុញដាក់គ្នាពីម្នាក់ទៅម្នាក់ ដោយម្ដងឱ្យទៅសួរផ្នែកខាងនេះ ឯអ្នកខាននេះវិញឱ្យទៅសួរផ្នែកខាងនោះ រកអ្នកទទួលខុសត្រូវមិនឃើញទេ នៅពេលភ្នាក់ងារ SBM News ស្នើសុំការបំភ្លឺពីមន្ត្រីជំនាញទាំងនោះ(Sic)។

រូបភាពឯកសារ នៃបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ គាង ធា
រូបភាពឯកសារ នៃបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ គាង ធា

ទោះជាយ៉ាងណាក៏ដោយ ឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តក្រចេះត្រូវបានគេមើលឃើញថា មានការទប់ស្កាត់យឺតយ៉ាវជាខ្លាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រោះហាក់ដូចជាមានសកម្មភាពបន្ទុចបង្អាក់អ្វីមួយនៅពីក្រោយការចុះប្រតិបត្តិការបង្ក្រាបរបស់មន្ត្រីជំនាញទាំងនោះ ចំណែកក្រុមឈ្មួញទុច្ចរិតមានខ្នងបង្អែកគ្រាក់ៗវិញតែងតែគេចផុតពីសំណាញ់ច្បាប់ ទើបបទល្មើសព្រៃឈើនៅតែកើតមានឡើងជាហូរហែ។ ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗ មេឈ្មួញជួញឈើព្រៃដ៏ល្បីកក្រើកខេត្តក្រចេះម្នាក់ឈ្មោះ គាង ធា ដែលមហាជនដឹងស្ទើរតែគ្រប់គ្នាថា មានខ្នងក្រាស់ និងខ្សែធំក្នុងជួរមន្ត្រីរដ្ឋបាលខេត្ត បានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្ម និងយ៉ាងអនាធិបតេយ្យ ប៉ុន្តែមេឈ្មួញជួញឈើរូបនេះ មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឡើយ ទោះបីបទល្មើសនោះមានភស្តុតាងជាក់ស្តែង ហើយត្រូវបានជនការពារព្រៃឈើ តាន់ គីមសួរ បង្ហោះលើបណ្តាញសង្គមព្រោងព្រាតក៏ដោយ។ 

មេឈ្មួញឈ្មោះ គាង ធា ពេលចរចារជាមួយ លោក តាន់ គីមសួរ
មេឈ្មួញឈ្មោះ គាង ធា ពេលចរចារជាមួយ លោក តាន់ គីមសួរ

យ៉ាងណា មហាជននៅតែសង្ឃឹមថា អាជ្ញាធរខេត្តក្រចេះ នឹងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ទៅលើក្រុមឧក្រិដ្ឋកម្មព្រៃឈើដើម្បីរក្សាសម្បត្តិធនធានធម្មជាតិឱ្យគង់វង្ស ដោយគ្មានការលើកលែងមេឈ្មួញខ្នងក្រាស់ណាម្នាក់ឡើយ ហើយត្រូវគោរពតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងវិធានការច្បាប់ ក៏ដូចជាទប់ស្កាត់ឱ្យខាងតែបាននូវក្រុមឧក្រិដ្ឋជនកាប់បំផ្លាញ់ព្រៃឈើ និងសម្បត្តិធនធានធម្មជាតិរបស់ប្រទេស ដោយមិនគួរបណ្តែតបណ្តោយឱ្យក្រុមឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើស ដឹកជញ្ជូនអនុផលព្រៃឈើឆ្លងកាត់កណ្តាលក្រុងបានយ៉ាងរលូនដូច្នេះឡើយ...៕ រាយការណ៍ដោយ៖ SN 

មេឈ្មួញឈ្មោះ គាង ធា ពេលចរចារជាមួយ លោក តាន់ គីមសួរ
មេឈ្មួញឈ្មោះ គាង ធា ពេលចរចារជាមួយ លោក តាន់ គីមសួរ
រូបភាពឯកសារ នៃបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ គាង ធា
រូបភាពឯកសារ នៃបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ គាង ធា
រូបភាពឯកសារ នៃបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ គាង ធា
រូបភាពឯកសារ នៃបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ គាង ធា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត