
ក្រុងក្រចេះ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្មគ្រែ កាលពីថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០២៥ ឃាត់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រភេទឈ្លិចមូលចំនួន៦ដុំ និងផ្ចឹកចំនួន៣ដុំ នៅចំណុចទីតាំង ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ…។

មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ថា មានរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ក្រោយរត់គេចពីក្រុមអ្នកសារព័ត៌មាន ក៏បានដាច់កង់នៅភូមិសំបុក ទើបធ្លាយដំណឹងដល់មន្ត្រីជំនាញចុះមកពិនិត្យ និងបានស្ទូចយករថយន្តមករក្សាទុកនៅថ្នាលបណ្ដោះកូនឈើខ្សា ដើម្បីបន្តនីតិវិធី។ យោងតាមប្រភពផ្សេងទៀត បានឱ្យដឹងថា រថយន្តខាងលើតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ជាហូរហែរយ៉ាងអនាធិបតេយ្យ ស្រាប់តែពេលនេះ មិនដឹងថា ការធ្វើចរាចណ៍ប្រែប្រួលយ៉ាងដូចម្តេចបានជាជួបគ្រោះថ្នាក់ដាច់កង់រថយន្តបណ្ដាលឱ្យទៅមុខលែងរួចតែម្ដង។ តែទោះជាយ៉ាងណាក៏ដោយ រថយន្តនោះមិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់នរណាម្នាក់ឡើយ ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង៕ រាយការណ៍ដោយ៖ លោក SN





