ក្រសួងព្រមានចាត់វិធានលើអ្នកកាប់ឈើខុសច្បាប់ ខណៈអ្នកជំនាញក៏ចង់ឱ្យពង្រឹងការត្រួតពិនិត្យលើឈ្មួញបន្ថែមដែរ
L
Linda Sorn
08 ឧសភា 2025 04:30 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រសួងបរិស្ថាន ព្រមានចាត់វិធានការលើប្រជាសហគមន៍តំបន់ការពាររូបណា ដែលហ៊ានកាប់ឈើក្នុងដែនការពាររបស់ខ្លួនយកទៅលក់ អ្នកជំនាញធ្វើការលើការបង្រ្កាបបទលើ្មសព្រៃឈើនេះ ក៏ចង់ឱ្យក្រសួងពង្រឹងការត្រួតពិនិត្យទៅលើក្រុមឈ្មួញទិញឈើធំៗបន្ថែមដែរ…។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៧ឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងមួយអំពាវនាវទៅសមាជិក និងគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនឱ្យបញ្ឈប់សកម្មភាពយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ទៅប្រើប្រាស់ ផ្ទុយពីច្បាប់ ដូចជាយកទៅលក់ដូរ ជួល ផ្តួលរំលំ ឬឈូសឆាយរុករានទន្ទ្រានព្រៃឈើជាដើម។ ក្រសួងព្រមានថា៖«ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះបុគ្គល និងសហគមន៍ទាំងហ្លាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ»។ ក្រសួងអះអាងបន្ថែមថា សកម្មភាពបែបនេះ គឺល្មើសទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រោះសហគមន៍តំបន់ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារធម្មជាតិ បង្វែរធ្វើជាដឹកសិកម្ម ឬលក់នោះទេ។ 

លោក ហេង គឹមហុង អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន
លោក ហេង គឹមហុង អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែឧសភា​ ឆ្នាំ២០២៥នេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន លោក ហេង គឹមហុង បានសម្តែងការសាទរចំពោះចំណាត់ការរបស់ក្រសួងបរិស្ថាន ក្នុងការចាត់វិធានទៅលើប្រជាសហគមន៍កាប់ព្រៃឈើក្នុងតំបន់របស់ខ្លួន ទៅធ្វើជាអាជីវកម្ម។ លោកគូសបញ្ជាក់ថា៖«តាមពិតទៅ[..]ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិនេះ យើងដឹងហើយថា សហគមន៍មានតួនាទីប្រើប្រាស់អាស្រ័យផលទៅតាមការកំណត់របស់ក្រមបរិស្ថាន ក៏ដូចជាគោលនយោបាយនៃការប្រើប្រាស់អនុផលព្រៃឈើ ដែលកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ហើយបើសិនជាសហគមន៍នៅក្នុងតំបន់នោះ ផ្ទុយទៅវិញគាត់ទៅជាអ្នកពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តបទល្មើស ហ្នឹងយើងមិនអាចលើកលែងឱ្យគាត់បានទេ ត្រូវតែឱ្យគាត់ទទួលខុសត្រូវចំពោះមុខច្បាប់»។

រូបភាពឯកសារ នៃបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីឆ្នាំ២០២២
រូបភាពឯកសារ នៃបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីឆ្នាំ២០២២

យ៉ាងណា ក្រៅពីចំណាត់ការទៅលើសហគមន៍តំបន់ការពារខាងលើ អ្នកជំនាញបរិស្ថានរូបនេះ ក៏ចង់ឱ្យក្រសួងបរិស្ថានពង្រឹងលើការត្រួតពិនិត្យទៅលើក្រុមឈ្មួញទិញឈើផងដែរ។ លោកសង្កត់ធ្ងន់ថា៖«ក្រសួងបរិស្ថាន អាចធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការត្រួតពិនិត្យទៅលើស្តុក [គេហៅឃ្លាំងស្តុកឈើ] ថាតើពួកគាត់[ឈ្មួញ] ហ្នឹង!​ បានប្រតិបត្តិការត្រឹមត្រូវទៅតាមការកំណត់ដែលមាននៅតាមឃ្លាំង ឬដេប៉ូឈើ ដែលបានអនុញ្ញាតដោយក្រសួងកសិកម្មឬអត់ ឬរដ្ឋបាលព្រៃឈើ ឬអត់? ហើយសិនជារកឃើញថា មានពាក់ព័ន្ធជាមួយបទល្មើស ហ្នឹងប្រាកដណាស់ ត្រូវតែយកវិធានដែលមានជាធរមានរួមមាន៖ ក្រមបរិស្ថាន និងអាចឈានដល់វិធានផ្សេងទៀត»។ លោកក៏ជំរុញឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការព្រហ្មទណ្ឌទៅលើជនល្មើសក្នុងករណីប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរដែរ។ 

រូបភាពឯកសារ នៃឈ្មួញដឹកឈើធ្លាប់បង្រ្កាបបានកាលពីកន្លងមក
រូបភាពឯកសារ នៃឈ្មួញដឹកឈើធ្លាប់បង្រ្កាបបានកាលពីកន្លងមក

គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងខាងលើ មកទល់នឹងពេលបច្ចុប្បន្ន ក្រសួងក៏នៅតែបន្តរកឃើញមានសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន យកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន [លក់ដូរ] ជាហេតុធ្វើអោយបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់ជាតិ។ ជាក់ស្តែង ត្រឹមរយៈពេល៣ខែដើម​ឆ្នាំ២០២៤ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន ក៏បង្ក្រាប​​បានបទ​ល្មើស​ធនធានធម្មជាតិ បានរហូតដល់ជិត ៦០០ករណី ក្នុងនោះ បានបញ្ជូនសំណុំរឿង​ទៅតុលាការជាង៨០ករណី

រូបភាពឯកសារ នៃបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីឆ្នាំ២០២២
រូបភាពឯកសារ នៃបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីឆ្នាំ២០២២
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត