
ក្រុងសែនមនោរម្យ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្បែរដែនជម្រកសត្វព្រៃភ្នំព្រិច បានឱ្យដឹងថា បច្ចុប្បន្ន មានការលួចធ្វើអាជីវកម្មជីករ៉ែមាសយ៉ាងអនាធិបតេយ្យ មានទាំងការរកដោយដៃ និងប្រើប្រាស់ម៉ាស៊ីនទំនើប ខណៈអាជ្ញាធរមូលដ្ឋានចម្រុះទាំងបី, មន្ត្រីជំនាញពាក់ព័ន្ធដូចជា បរិស្ថាន, មេព្រៃ កំពុងផ្អែមមាត់ផ្អែម-ក ពីការទទួលបានកម្រៃបង់ប្រចាំខែរបស់ម្ចាស់អាជីវកម្មខុសច្បាប់ទាំងនោះ...។

ពលរដ្ឋជាតិដើមភាគតិចពូនងម្នាក់ (ឬព្នង) បានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន SBM News ដោយសុំមិនបង្ហាញអត្តសញ្ញាណថា ម្ចាស់អាជីវកម្មជីករ៉ែមាសទាំងអស់ដែលប្រើម៉ាស៊ីនទំនើបត្រូវបង់លុយទៅឱ្យមន្ត្រីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធក្នុង១ខែៗយ៉ាងតិចបំផុត៥០០ដុល្លារ ឬច្រើនជាងនេះទៅតាមចង្វាក់អាជីវកម្មធំ ឬតូចរបស់ពួកគេ ក្នុងនោះសម្រាប់អ្នកជីកដោយដៃ(អាជីវកម្មបែបប្រពៃណី) ក៏ត្រូវបង់យ៉ាងតិចក្នុងមួយគ្រួសារពី២០ម៉ឺនរៀលទៅ៤០ម៉ឺនរៀលផងដែរ ទើបអាចចូលទៅធ្វើអាជីវកម្មនៅតំបន់ហាមឃាត់ខាងលើនេះបាន។ ប៉ុន្តែសម្រាប់អ្នកមិនបង់ប្រាក់ឱ្យមន្ត្រីខិលខូវទាំងនោះវិញ គឺច្បាស់ណាស់ជាត្រូវពួកគេចុះទៅអនុវត្តច្បាប់ចាប់យកមកផាកពិន័យធ្ងន់ធ្ងរជាងការបង់ប្រចាំខែទៅទៀត ឯទីតាំងលួចធ្វើអាជីវកម្មរ៉ែមាសនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការចេញចូលដោយសេរីផងដែរ។

ប្រភពពីពលរដ្ឋឱ្យដឹងបន្តថា នៅដែនជម្រកសត្វព្រៃភ្នំព្រិចនេះ មានស្រ្តីម្នាក់ឈ្មោះ ចែ តី ជាប្រពន្ឋរបស់ពេទ្យម្នាក់ឈ្មោះ អូន មានរណ្តៅអាជីវកម្មរ៉ែមាសធំជាងគេទាំងអស់នៅក្នុងតំបន់ ព្រោះស្ត្រីរូបនោះជាភ្នាក់ងារប្រមូលលុយពីម្ចាស់អាជីវកម្មលួចជីករ៉ែមាសផ្តល់ជូនទៅមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ហើយក៏ជាមេឈ្មួញរកស៊ីជួញឈើប្រណិតម្នាក់់ដ៏សកម្មផងដែរ។ ផ្ទះមេឈ្មួញកណ្តាលដ៏មានឥទ្ធិពលរូបនេះ ស្ថិតនៅចំណុចកែងភូមិខ្ទង់ ក្នុងឃុំស្រែឈូក នៃស្រុកកែវសីមា។ ប្រភពបន្តថា ស្រ្តីឈ្មោះ ចែ តី នេះ ជាមនុស្សមានទំនាក់ទំនងស្អិតល្មួតជាមួយមន្ត្រីជាន់ខ្ពស់របស់ខេត្តដូចជា ប៉ូលិស ប៉េអឹម និងទាហាន ទើបអាជីវកម្មបទល្មើសព្រៃឈើរបស់គាត់តែងមានសុវត្ថិភាព និងចរាចរបានដោយរលូន មិនបង្កការរំខានដល់មន្ត្រីទាំងបីស្ថាប័ន ហត់នឿយក្នុងការចុះបង្ក្រាបឡើយ។

ចំណែកមន្ត្រីបរិស្ថាន និងមេព្រៃ ដែលមានតួនាទីយាមកាមការពារព្រៃឈើ និងសម្បត្តិធនធានរ៉ែធម្មជាតិតាមគោលដៅនានា ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ក៏មិនពិបាកទប់ស្កាត់បទល្មើសរបស់មេឈ្មួញឈ្មោះ ចែ តី នេះដែរ ដ្បិតស្ត្រីរូបនេះមានកញ្ចប់ថ្នាំបង់ប្រចាំខែសម្រាប់ព្យាបាលជំងឺភ្នែកឈឺឡើងបាយ និងជំងឺហឹងត្រចៀករបស់មន្ត្រីទាំងនោះបានយ៉ាងល្អ ពោលគឺមេឈ្មួញឈ្មោះ ចែ តី ប្រៀបបានជាមេការរកលុយដ៏សកម្មម្នាក់របស់លោកមន្ត្រីជំនាញខិលខូចទាំងពីរស្ថាប័ននេះ។ ប៉ុន្តែ..ទោះជាយ៉ាងណាក៏ដោយ ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មានបែកធ្លាយព័ត៌មានចេញពីភូមិខ្ទង់ ឃុំស្រែឈូក ដោយបុរសម្នាក់ឈ្មោះ គឹមសាន ប្ល៉ូយ ជាជនជាតិព្នង និងត្រូវជាកូនប្រសាររបស់មន្ត្រីបរិស្ថានឈរជើងការពារប្រចាំការនៅតំបន់ខាងលើ ត្រូវបានបាត់បង់ជីវិតក្រោយរណ្តៅដីជីករ៉ែមាសរបស់ពួកគេបាក់សង្កត់ស្លាប់។

ប្រភពពីសមត្ថកិច្ចឱ្យដឹងបន្ថែមថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងបងប្អូន០៩នាក់ បានទៅជីកដីចាក់ទរដើម្បីរករ៉ែមាសនៅចំណុចកោះពាមរោងអូរតេ ហើយជនរងគ្រោះ បានទៅជីកដីនៅមាត់ច្រាំងអូរ ស្រាប់តែច្រាំងដីអូរបាក់សង្កត់លើរូបគេ និងបងប្អូនឯទៀត ដោយអ្នកខ្លះត្រូវដីសង្កត់ត្រឹមពាក់កណ្ដាលខ្លួនចុះក្រោម ចំណែកជនរងគ្រោះត្រូវដីសង្កត់លើទាំងស្រុងបណ្តាលឱ្យស្លាប់តែម្តង។ ចំណែកក្រុមម្ចាស់អាជីវកម្មលួចជីករ៉ែមាស បានលើកឡើងថា បច្ចុប្បន្ន ចែ តី ដែលជាអ្នកដើប្រមូលលុយឱ្យមន្ត្រីបរិស្ថាន មេព្រៃ និងអាជ្ញាធរមូលដ្ឋានទាំងបីស្ថាប័ន មិនសូវទារថ្លៃបង់ឈ្នួលដូចប៉ុន្មានខែមុនទេ ព្រោះឃើញពួកអ្នកធ្វើអាជីវកម្មជីករ៉ែមាសផ្អាកសកម្មភាពដោយសារខ្វះប្រភពទឹក។ ប៉ុន្តែមានបុគ្គលម្នាក់ទៀតឈ្មោះ ព្រឿង ដែលអ្នកភូមិស្គាល់ថា ជាអ្នកប្រមូលផលសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យទៅមេៗខេត្ត បាននិងកំពុងធ្វើសកម្មភាពដើរជំរិត គាបសង្កត់ម្ចាស់អាជីវកម្មជីករ៉ែមាសឱ្យបង់លុយឱ្យខ្លួន ដើម្បីយកទៅជូនមេៗខេត្ត។

លោក ព្រហ្ម រតនវិបុល នាយកដែនជម្រកសត្វព្រៃភ្នំព្រិច បានឱ្យដឹងកាលពីរសៀលថ្ងៃទី០១មេសា ឆ្នាំ២០២៥ ថា ពិតជាមានករណីមនុស្សស្លាប់ដោយការធ្វើអាជីវកម្មរ៉ែមាសនោះប្រាកដមែន ហើយជនរងគ្រោះគឺជាកូនប្រសារបស់លោកមន្ត្រីបរិស្ថានដែរ។ យ៉ាងណា លោក ព្រហ្ម រតនវិបុល បញ្ជាក់ថា ចំពោះករណីលួចធ្វើអាជីវកម្មរ៉ែមាសនៅតំបន់លោកគ្រប់គ្រងនេះ កន្លងមកលោកធ្លាប់ចុះបង្ក្រាបចាប់រឹបអូសម៉ាស៊ីនបូមមាស នៅចំណុចទីតាំងផ្សេងៗក្នុងភូមិសាស្ត្រខាងលើ បានមួយចំនួនដែរ និងបានធ្វើរបាយការណ៍បញ្ជូនសំណុំរឿងទៅថ្នាក់ដឹកនាំរួចអស់ហើយដែរ តែសកម្មភាពពលរដ្ឋលួចចូលធ្វើអាជីវកម្មជីករ៉ែមាសនៅតែបន្តកើតមាន។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំព្រិច ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ការពារ និងហាមឃាត់នៃការធ្វើអាជីវកម្មធនធានរ៉ែខុសច្បាប់, ការកាប់បំផ្លាញ់ព្រៃឈើ និងការបរបាញ់សត្វព្រៃ ប៉ុន្តែទីតាំងខាងលើនូវតែរងនូវការកាប់បំផ្លាញ់ព្រៃឈើ បរបាញ់សត្វព្រៃ និងការធ្វើអាជីវកម្មជីកយករ៉ែមាសខុសច្បាប់យ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឧក្រិដ្ឋជនដដែល ក្នុងនោះគឺមានការបើកដៃពីសំណាក់មន្ត្រីជំនាញចុះការពារ និងអាជ្ញាធរមូលដ្ឋានខិលខូចមួយចំនួនដែលគប់គិតគ្នាប្រព្រឹត្តិបទល្មើស ដូច្នេះមិនយូរទេសម្បត្តិធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ច្បាស់ជានឹងរងនូវការវិនាសហិនហោចអស់ជាក់ជាមិនខានឡើយ បើគ្មានការទប់ស្កាត់ឱ្យបាន់ទាន់ពេលវេលាពីសំនាក់មន្ត្រីថ្នាក់ជាតិទេនោះ...៕



