
រដ្ឋធានីម៉ានីល៖ ការអនុវត្តពេញលេញនៃគំនាបពន្ធគយរបស់បងធំអាម៉េរិក និងវិធានការសងសឹករបស់ចិន អាចបង្អាក់ដំណើររលាស់ខ្លួននៃកំណើនសេដ្ឋកិច្ចអាស៊ីទាំងមូល ដែលមានចំនួនប្រហែលមួយភាគបីភាគរយនៅឆ្នាំនេះ និងជិតមួយភាគរយក្នុងឆ្នាំ២០២៦។ នេះបើតាមប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការព្យាករនៅថ្ងៃពុធទី៩ ខែមេសា...។

ប្រធានសេដ្ឋវិទូរបស់ ADB លោក អាល់ប៊ឺត ផាក (Albert F. Park) បានអះអាងថា ផលប៉ះពាល់ជាយថាហេតុនៃពន្ធគយរបស់សហរដ្ឋអាម៉េរិក នៅតែមិនប្រាកដប្រជា ដោយសារវិសាលភាព និងពេលវេលារបស់ពួកគេអាចផ្លាស់ប្ដូរដោយសារតែការចរចា ការពន្យារពេល ឬការលើកលែងដែលត្រូវបានផ្តល់។ លោកបានសង្កត់ធ្ងន់ថា៖«បញ្ហាចម្បងនោះគឺច្បាស់ណាស់ថា តើពន្ធរបស់សហរដ្ឋអាម៉េរិកនឹងត្រូវបានអនុវត្តយ៉ាងពេញលេញដែរឬទេ..? យ៉ាងណា វានឹងនាំឱ្យមានកំណើនទាបនៅក្នុងការព្យាករដំបូងរបស់យើង»។

សេដ្ឋវិទូរូបនេះបន្ថែមថា៖«ទំហំ និងល្បឿននៃការផ្លាស់ប្ដូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកអាចកាត់បន្ថយការវិនិយោគនៅទូទាំងពិភពលោក និងក្នុងតំបន់ ខណៈការកើនឡើងនៃភាពតានតឹង និងការប្រេះពាណិជ្ជកម្មនឹងជំរុញឱ្យមានការផ្លាស់ទំនិញពាណិជ្ជកម្ម និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការសងសឹកកាន់តែខ្លាំង[ពីសំណាក់រដ្ឋធានីប៉េកាំង] ក៏នឹងអាចនាំឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ»។

នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួន ADB បានព្យាករថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីកំពុងបង្អង់ល្បឿន ដោយធ្លាក់ចុះបន្តិចមកត្រឹម ៤,៩ភាគរយនៅឆ្នាំ២០២៥ ជាល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ២០២២។ ការព្យាករមូលដ្ឋានបានបង្ហាញថែមទៀតថា កំណើនសេដ្ឋកិច្ចចិននឹងថយចុះមកត្រឹម ៤,៧ភាគរយនៅឆ្នាំ២០២៥នេះ ខណៈឆ្នាំ២០២៤ មានចំនួន៥,០ភាគរយ។ យ៉ាងណា នៅឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចចិននឹងថយមកត្រឹម៤,៣ភាគរយ។

យ៉ាងណា ADB បានបញ្ជាក់ថា ប្លុកដែលអំណោយផលជាងគេ គឺតំបន់អាស៊ីខាងត្បូង ដោយសារប្លុកនេះមានតម្រូវការក្នុងស្រុកខ្លាំង ដោយត្រូវបានគេព្យាករថានឹងជំរុញកំណើន៦,០ភាគរយនៅឆ្នាំ២០២៥ និង៦,២ភាគរយនៅឆ្នាំ២០២៦ ខណៈកំណើនកាលពីឆ្នាំមុនមានត្រឹមតែ៥,៨ភាគរយប៉ុណ្ណោះ៕




