បើមិនចង់មានជំងឺខ្សោយបេះដូង​​ គួរដឹងពីគន្លឹះទាំង៦នេះ
S
Sreyleak Yith
•
14 មេសា 2025 08:00 AM

សុខភាព៖​ ជំងឺខ្សោយបេះដូង កើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចច្របាច់​ឈាមគ្រប់គ្រាន់ ដើម្បីបញ្ជូនអុកសុីសែនទៅចិញ្ចឹមរាងកាយដែលបណ្តាល​ឱ្យមានអារម្មណ៍ថា ហត់អស់កម្លាំងព្រមទាំងហើមជើង។ ដើម្បីបញ្ជៀសពីជំងឺខ្សោយបេះដូង​ លោកអ្នកអាចសាកតិចនិកទាំង៦ មានដូចខាងក្រោម…។

១.ហាត់ប្រាណ៖​ ការហាត់ប្រាណជួយឱ្យមានសុខភាពល្អ ដូច្នេះ គួរហាត់ប្រាណ​រយៈ​ពេល៣០ទៅ៦០នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ នៅពេលហាត់ប្រាណទៀងទាត់ សាច់ដុំបេះដូងខ្លាំងជាងមុនហើយចលនាឈាមរត់បានប្រសើរជាងមុន។ លើសពីនេះ ការហាត់ប្រាណក៏អាចជួយបញ្ចុះ​សម្ពាធ​ឈាម និងជួយឱ្យស្រក​ទម្ងន់ផងដែរ។ ២.គ្រប់គ្រងទម្ងន់៖ ភាពធាត់ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅ និងបណ្តាល​​ឱ្យមានជំងឺ​ជាច្រើន​ដូចជា ជំងឺទឹកនោមផ្អែម ឬលើស​សម្ពាធ​ឈាម ​ដែលបង្កើនហានិភ័យ​ឱ្យ​កើតជំងឺ​ខ្សោយ​បេះដូង។  

៣.ញ៉ាំអាហារល្អចំពោះសុខភាព៖ កាត់បន្ថយការញ៉ាំសាច់ អាហារមានជាតិខ្លាញ់ និងប្រៃខ្លាំង តែត្រូវញ៉ាំបន្លែ និងផ្លែឈើស្រស់​ឱ្យបានច្រើន។​ ៤.កាត់បន្ថយស្រេ្តស៖ រឿងជាច្រើនក្នុងជីរភាពប្រចាំថ្ងៃដូចជា សម្ពាធការងារ ទំនាក់ទំនងប្ដីប្រពន្ធ ការមើលថែទាំកូន វិបត្តិ​ហិរញ្ញវត្ថុ ភាពនឿយហត់ជាដើមសុទ្ធតែអាចធ្វើឱ្យស្រេ្តស។ ស្រេ្តសមិនត្រឹមតែប៉ះពាល់​ដល់​សុខភាពផ្លូវចិត្ត និងផ្លូវកាយ ថែមទាំងប៉ះពាល់ដល់សុខភាពបេះដូងទៀតផង។ អាចកាត់បន្ថយស្រ្តេសតាមរយៈការហាត់យូហ្កា ធ្វើសមាធិ ស្តាប់តន្រ្តី ឬដើរកម្សាន្តជាដើម។ ជំងឺខ្សោយបេះដូង អាចធ្វើឱ្យមានផលវិបាកសុខភាពជាច្រើនគួរផ្លាស់ប្ដូររ​បៀប​រស់​នៅ និងរបបអាហារដើម្បីបង្ការកុំឱ្យកើតជំងឺខ្សោយបេះដូង។ 

៥.កាត់បន្ថយគ្រឿងស្រវឹង៖​ ការញ៉ាំគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យកើតជំងឺខ្សោយបេះដូង និងខូចថ្លើម ដូច្នេះ គួរ​កាត់បន្ថយ ឬចៀសវាងញ៉ាំគ្រឿងស្រវឹងតាមដែលអាចធ្វើទៅបាន។ ៦.ជៀសវាងជក់បារី៖ អ្នកជក់បារី មានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្សោយបេះដូង និងជំងឺ​បេះដូងផ្សេងៗទៀត​ ព្រោះ​សារធាតុ​ពុលក្នុងបារីធ្វើឱ្យសរសៃឈាម​បេះដូង​​ស្ទះ និងឡើងរឹងផងដែរ៕ ប្រភពពី៖​ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត