ដើម្បីកុំឱ្យកើតមានជំងឺខ្សោយបេះដូង សូមសាកល្បងលំហាត់ប្រាណ៣ប្រភេទនេះ
S
Sreyleak Yith
•
26 កញ្ញា 2026 08:00 AM

សុខភាព៖ មនុស្សភាគច្រើនកើតជំងឺខ្សោយបេះដូង ដោយសារកត្តាអាយុ ប៉ុន្តែជំងឺនេះ​ក៏អាចបណ្ដាលមក​ពីលក្ខខណ្ឌសុខភាពមួយចំនួនដែរ ដែលបណ្ដាលឱ្យខូចបេះដូង ឬធ្វើឱ្យបេះដូង​ធ្វើការធ្ងន់រហូត​ដល់​ខ្សោយ។ នៅពេលបេះដូងចុះខ្សោយ នឹងបណ្ដាលឱ្យសាច់ដុំបេះដូង មិនអាចច្របាច់ឈាមដែលផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់​ទៅរាងកាយ​ទាំង​មូល​បានទេ។ ជំងឺនេះអាចកើតឡើងគ្រប់វ័យ ប៉ុន្តែវាកើតឡើងញឹកញាប់លើមនុស្សចាស់។ ប្រសិន​បើមានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ អ្នកជំងឺត្រូវការដូរបេះដូង ឬត្រូវដាក់ឧបរកណ៍ជំនួយ។ តែកុំបារម្ភ មកស្ដាប់ការអត្ថធិប្បាយរបស់ SBM News ជុំវិញការធ្វើលំហាត់ប្រាណ៣ប្រភេទនេះ ដើម្បីសុខភាពបេះដូង លោកអ្នកនាង...។

ជំងឺខ្សោយបេះដូង មានរោគសញ្ញាដូចជាមាន ស្លេស្មពណ៌-ស ឬក្រហមលាយឈាម ហើមជើង ឡើងទម្ងន់លឿន ញ័រទ្រូង ពិបាកគេង អស់កម្លាំង ល្ហិតល្ហៃ ពិបាកដកដង្ហើម ហត់ដង្ហក់ និងក្អកញឹកញាប់។ ការពារ​ប្រសើរជាងព្យាបាល ដូច្នេះ អាចសាកល្បងការហាត់ប្រាណ៣ប្រភេទ ដែលមានដូចខាងក្រោម ដើម្បីអាចរួមចំណែកក្នុងការ បង្ការជំងឺខ្យោយបេះដូង។ ទី១.លំហាត់ប្រាណកម្លាំង៖ លំហាត់ប្រាណកម្លាំង មានដូចជា ការលើកទម្ងន់ អាវ៉ង់ ​អង្គុយ​ចោងហោង មានឥទ្ធិពលលើសមាសភាពក្នុងរាងកាយរបស់យើងរួមមាន៖ ខ្លាញ់ ឆ្អឹង សាច់ដុំ។ សម្រាប់​អ្នកដែលមានខ្លាញ់ក្នុងរាងកាយច្រើន រួមទាំងក្បាលពោះធំ ​ជាកត្តាហានិភ័យ​នៃជំងឺ​បេះដូង។ លំហាត់ប្រាណកម្លាំង អាចជួយកាត់បន្ថយជាតិខ្លាញ់ និងបង្កើតម៉ាសសាច់ដុំ។ ការ​ស្រាវជ្រាវ​បានបង្ហាញថា ការរួមបញ្ចូលគ្នារវាងការធ្វើលំហាត់ប្រាណតាមបែបអ៊ែរ៉ូប៊ីក និងលំហាត់​ប្រាណកម្លាំង អាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុល HDL (ល្អ) និងបន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL ហើយរយៈពេលនៃការហាត់ គឺ២ថ្ងៃក្នុងមួយសប្តាហ៍។

២.លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក៖ លំហាត់ប្រាណបែបអ៊ែរ៉ូប៊ី មានដូចជា រត់ ហែលទឹក ជិះកង់ វាយតឺនីស លោតអន្ទាក់ និងការដើរលឿន១០០​ជំហានក្នុង១នាទី អាចជួយសម្រួល​ចរន្តឈាម។ លំហាត់ប្រាណទាំងនេះ មិនត្រឹមតែបន្ថយសម្ពាធឈាម និងចង្វាក់បេះដូងទេ ពួកវាក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។ រយៈពេលនៃការហាត់ គឺ៣០នាទីក្នុង១ថ្ងៃ និងយ៉ាងហោចណាស់៥ថ្ងៃក្នុង១សប្តាហ៍។ ៣.លំហាត់ប្រាណលាតសន្ធឹង និងបត់បែន៖ ការមានភាពបត់បែនគឺសំខាន់ណាស់ក្នុងការធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក និងលំហាត់​ប្រាណ​កម្លាំង​ ព្រោះជួយក្នុងការរក្សាលំនឹង និងការពារការដួល។ យើងត្រូវហាត់​លំហាត់ប្រាណ​លាតសន្ធឹង និងបត់បែនមុន និងក្រោយពេលហាត់ប្រាណ បែបអ៊ែរ៉ូប៊ីក ឬលំហាត់ប្រាណកម្លាំង។ គួរជ្រាបថា ក្រៅពីការហាត់ប្រាណ ដើម្បីការទប់ស្តាត់​ជំងឺខ្សោយ​បេះដូង​ ទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា បញ្ឈប់ការជក់បារី កុំពិសា​គ្រឿងស្រវឹង និងកាត់បន្ថយខ្លាញ់ ស្ករ អំបិល ​ក៏រួមចំណែក​ក្នុងការទប់ស្តាត់​ជំងឺខ្សោយ​បេះដូងដែរ៕
ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត