
សុខភាព៖ ការគេងបានគ្រប់គ្រាន់ ផ្តល់គុណប្រយោជន៍យ៉ាងច្រើនរួមមាន ជួយឱ្យកោសិកាជួសជុលខ្លួនឡើងវិញ ជំរុញប្រព័ន្ធការពារខ្លួន សម្រួលប្រព័ន្ធមេតាបូលិក និងកាត់បន្ថយជំងឺវង្វេងចាស់។ លើសពីនេះ ជួយសម្រួលអារម្មណ៍ បង្កើតគំនិតច្នៃប្រឌិត ព្រមទាំងជួយពង្រឹងការចងចាំ…។

ដំណេក ត្រូវបានកំណត់ដោយកត្តាធំៗពីរ គឺ វដ្តទិនទិវា (circadian rhythm) ដែលចាត់ជានាឡិកានៃដំណេក លំនឹងដំណេក និងពេលភ្ញាក់ (sleep-wake homeostasis)។ ប្រព័ន្ធទាំងនេះ គឺទាក់ទងនឹងពន្លឺថ្ងៃ ដែលចូលតាមស្រទាប់រ៉េទីនរបស់ភ្នែក ដើម្បីបញ្ឈប់ ជំរុញការបញ្ចេញជាតិមេឡាតូនីន ការប្រែប្រួលសីតុណ្ហភាពរាងកាយ និងកម្រិតអ័រម៉ូនគ័រទីសុលក្នុងឈាម។ ការប៉ះពាល់ចំណុចណាមួយនៅក្នុងប្រព័ន្ធនេះ គឺអាចរំខានដំណេក។ ដូច្នេះ នៅពេលមានបញ្ហាគេងមិនលក់ កុំរំពឹងលើថ្នាំព្រោះ លេបយូរអាចរំខានដល់លំនឹងប្រព័ន្ធធម្មជាតិរបស់យើង ហើយអាចទៅជាញៀន។ គួរជ្រើសរើសការព្យាបាលដោយវិធីផ្លាស់ប្ដូរទម្លាប់ ដោយការកំណត់កត្តារំញោច រួមមាន៖ ១.ការរៀបចំបរិយាកាសមុនសំរាន្ត ដើម្បីឱ្យអារម្មណ៍ធូរស្រាលដូចជាអានសៀវភៅ ឬងូតទឹកក្ដៅឧណ្ហៗ។ ២.ចូលទៅលើគ្រែតែពេលងងុយ កុំទម្រេតខ្លួនលេងលើគ្រែយូរ។

៣.កុំមើលទូរទស្សន៍ ទូសព្ទ លើគ្រែដេក។ និង ៤.ក្រោយ២០ទៅ៣០នាទី បើនៅតែមិនអាចគេងលក់ អាចងើបទៅបន្ទប់ផ្សេង ធ្វើអ្វីមួយដោយស្ងប់ស្ងាត់ រហូតដល់ងងុយចាំត្រលប់ទៅចូលគ្រែសម្រាកវិញ។ ចំណែក ៥.ភ្ញាក់ពីដំណេកនៅម៉ោងដដែលជារៀងរាល់ថ្ងៃ ទោះជាគេងបានប៉ុណ្ណាក៏ដោយ។ លើសពីនេះ សមាធិដោយផ្ចង់អារម្មណ៍ដកដង្ហើម ដើម្បីឱ្យអារម្មណ៍ស្ងប់ស្ងាត់ និងទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពីការលំបាកផ្សេងៗ ដែលរំខានដំណេក។ គួរជ្រាបថា ដើម្បីឱ្យជោគជ័យ ចំណុចដូចបានរៀបរាប់ខាងលើត្រូវព្យាយាម ព្រោះវាត្រូវការពេលវេលាច្រើនអាទិត្យ ដើម្បីមើលឃើញពីការធូរស្រាល៕ ដកស្រង់ពីផេក៖ មន្ទីរពេទ្យកាល់ម៉ែត



