
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាទៅកាន់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវទប់ស្កាត់ និងចាត់វិធានការភ្លាម បើរកឃើញបុគ្គលណាទារសេវាក្រៅផ្លូវការពីបងប្អូនពលករខ្មែរ ដែលធ្វើដំណើរឆ្លងដែន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ...។

ពលករខ្មែរដែលស្នាក់នៅ និងធ្វើការស្របច្បាប់នៅប្រទេសថៃ ត្រូវបានរដ្ឋាភិបាលថៃអនុញ្ញាតឱ្យចេញ-ចូលឆ្លងដែនមួយចំនួន១លើក ដោយពុំចាំបាច់បង់កម្រៃសេវាពាក់ព័ន្ធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១មេសា ដល់ថ្ងៃទី១៥ឧសភា ឆ្នាំ២០២៥។ ដូច្នេះ ដើម្បីជួយសម្រួលឱ្យការចេញចូលឆ្លងដែនរបស់ពលករខ្មែរមានដំណើរការរលូន លោកឧបនាយករដ្ឋន្រ្តី ស សុខា កាលពីថ្ងៃទី៨មេសា បានបញ្ជាដល់អភិបាលខេត្តជាប់ព្រំដៃនប្រទេសថៃទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរថៃ អំពីការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល ជូនប្រជាពលរដ្ឋខ្មែរនៅពេលចេញ-ចូលឆ្លងដែន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សំខាន់ជាងនេះ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ឱ្យអភិបាលខេត្តជាប់ព្រំដែន ត្រូវទប់ស្កាត់ឱ្យបាន និងចាត់វិធានការចំពោះបុគ្គលណាទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែនផងដែរ។ ត្រូវណែនាំ និងជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ផ្ដល់កិច្ចសហការរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរឱ្យនៅដដែល ដោយពុំឱ្យមានការដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឡើយ។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់អភិបាលខេត្តជាប់ព្រំដែនថៃ ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ដោយអាចបង្កើនចំនួនមន្រ្តីប្រថាប់ត្រាផ្ដល់ទិដ្ឋាការចេញ-ចូល ឬអាចពិភាក្សាជាមួយភាគីថៃ ដើម្បីបន្ថែមម៉ោងចេញ-ចូលទៅតាមភាពជាក់ស្ដែង។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវត្រៀមកម្លាំងជួយអន្តរាគមន៍ និងសម្របសម្រួលដល់ការឆ្លងដែនរបស់ពលករ និងដាក់ចេញវិធានការដោះស្រាយតាមករណីជាក់ស្ដែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ ដល់ពលករអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី គឺចាប់ពីថ្ងៃទី១មេសា ដល់ថ្ងៃទី១៥ឧសភា ធ្វើឡើងដោយយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលទាំងពីរ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសថៃនាពេលកន្លងមក។ គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើដំណើរចូលមកទឹកដីកំណើតដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ដែលខិតជិតមកដល់នាពេលខាងមុខ ខណៈបងប្អូនពលករជាច្រើនទៀត ក៏បាននិងកំពុងធ្វើដំណើរចូលមកកម្ពុជាជាហូរហែផងដែរ៕



