
រដ្ឋធានីមូស្គូ៖ តុលាការរដ្ឋធានីមូស្គូ បានផាកពិន័យកម្មវិធីតេឡេក្រាម៨ម៉ឺនដុល្លារ ជុំវិញការបដិសេធដកចេញនូវខ្លឹមសារជំរុញឱ្យមានការវាយប្រហារភេរវកម្ម និងការចូលរួមក្នុងការតវ៉ា ដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន TASS រាយការណ៍នៅថ្ងៃអង្គារទី៨ ខែមេសានេះ...។

សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ឯកសាររបស់តុលាការថា៖«តេឡេក្រាមបានបរាជ័យក្នុងការលុបចោលព័ត៌មាន ឬបណ្តាញដែលអំពាវនាវឱ្យធ្វើសកម្មភាពជ្រុលនិយម»។ សារព័ត៌មាននេះបន្ថែមថា បណ្តាញខ្លឹមសារមួយចំនួន បានអំពាវនាវឱ្យចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាសម្រាប់ការវាយប្រហារភេរវករលើការដឹកជញ្ជូនផ្លូវដែក ក្នុងគោលបំណងជួយដល់កងកម្លាំងអ៊ុយក្រែន។ យ៉ាងណា ភ្នាក់ងារតេឡេក្រាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា តេឡេក្រាមមានមូលដ្ឋាននៅទីក្រុងឌូបៃ បង្កើតឡើងដោយជនជាតិរុស្សីលោក ប៉ាវែល ឌូរ៉ូវ ខណៈវេទិកានេះមានអ្នកប្រើប្រាស់ជិត១ពាន់លាននាក់នៅទូទាំងពិភពលោក។ គួររំឭកថា ស្ថាបនិកនៃកម្មវិធីតេឡេក្រាមរូបនេះ បានត្រឡប់ទៅទីក្រុងឌូបៃវិញ កាលពីខែមីនា បន្ទាប់ពីចំណាយពេលជាច្រើនខែនៅក្នុងប្រទេសបារាំង ក្រោយត្រូវបានចាប់ខ្លួន និងស៊ើបអង្កេតក្នុងខែសីហា ឆ្នាំ២០២៤ ជុំវិញរឿងរ៉ាវនៃការប្រើប្រាស់កម្មវិធីតេឡេក្រាមសម្រាប់ឧក្រិដ្ឋកម្ម រួមទាំងការក្លែងបន្លំ ការលាងលុយ និងការចែករំលែករូបភាពអាសអាភាស នៃការរំលោភផ្លូវភេទលើកុមារជាដើម៕





