បើចុះខ្សោយផ្លូវអារម្មណ៍ ឈាមអញ្ចាញធ្មេញ​ ខ្សោយភ្នែក​ ទល់លាមក​ ក្រចក និងសក់ពុកផុយ​ តើគួរធ្វើយ៉ាងណា?
S
Sreyleak Yith
08 មេសា 2025 01:00 AM

សុខភាព៖​ នៅសុខៗបើសិនជាសង្កេតឃើញរាងកាយខុសធម្មតាដូចជា ចុះខ្សោយផ្លូវអារម្មណ៍ ឈាមអញ្ចាញធ្មេញ​ ខ្សោយភ្នែក​ ទល់លាមក​ ក្រចក និងសក់ពុកផុយ បញ្ជាក់ថា រាងកាយអាចខ្វះសារជាតិចិញ្ចឹមណាមួយជាមិនខាន ថ្ងៃនេះ​ SBM News ហ្នឹងបង្ហើបប្រាប់ឱ្យលោកអ្នកដឹងពីសារជាតិចិញ្ចឹមទាំងនោះ…។

១.ចុះខ្សោយផ្នែកផ្លូវអារម្មណ៍៖​ ប្រសិនបើរបបអាហារមិនមានវីតាមីនជាតិរ៉ែគ្រប់គ្រាន់​ នោះក៏អាចបង្កប៉ះពាល់ផ្នែកអារម្មណ៍ផងដែរ។ ការសិក្សាបានបង្ហាញថា ពពួកបន្លែ ផ្លែឈើ សម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន ក៏ជំនួយដល់សុខភាពទាំងផ្នែករាងកាយ និងផ្នែកអារម្មណ៍។ ដូច្នេះ ដើម្បីឱ្យអារម្មណ៍ប្រសើររីករាយក៏ដូចជាស្រស់ស្រាយ គួរតែញ៉ាំអាហារដែលសម្បូរទៅដោយផ្លែឈើ និងបន្លែឱ្យបានច្រើន។ ឧទាហរណ៍៖​ ផ្លែក្រូច ផ្លែ​បឺរ ក្រូចថ្លុង​ ត្រកួន ស្ពៃខាត់ណា ស្ពៃខ្មៅ ​មើម​ដំឡូង និងបន្លែពណ៌បៃតង​។ល។ ២.ឈាមអញ្ចាញធ្មេញ៖​ ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយ គឺខ្វះវីតាមីនC។ រាងកាយមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងទេ ដូច្នេះ ការញ៉ាំអាហារមានផ្ទុកវីតាមីន C គឺជារឿងចំាបាច់ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ លោកអ្នកអាចស្វែងរកបានវីតាមីន C នៅក្នុងអាហារដូចជា៖ ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និងបន្លែបៃតង។ល។

៣.ខ្សោយភ្នែក៖​ បើមានអារម្មណ៍ថា ការសម្លឹងមើល មានការប្រែប្រួលដូចជា សម្លឹងមើលមិនសូវច្បាស់ ឆាប់រួយភ្នែក និងចាញ់ពន្លឺ ពិសេសនៅពេលយប់នោះមានន័យថា ភ្នែកអាចខ្វះវីតាមីន A។ ខ្វះវីតាមីន A អាចធ្វើឱ្យភ្នែកមិនអាចសម្លឹងមើលឃើញច្បាស់ល្អ ដូច្នេះ របបអាហារដែលសម្បូរវីតាមីន A មានដូចជា៖ ការ៉ុត បន្លែស្លឹកពណ៌បៃតង និងផ្លែក្រូច។ ៤.ឧស្សាហ៍ទល់លាមក៖ ទល់លាមកញឹកញាប់អាចបណ្ដាមកពីមិនសូវញ៉ាំពពួកអាហារដែលសម្បូរជាតិសរសៃ។ ជាមធ្យមក្នុងប្រព័ន្ធរំលាយអាហារមនុស្សម្នាក់គួរទទួលបានជាតិសរសៃពីរបបអាហារ១៨ក្រាមក្នុងមួយថ្ងៃ ទើបប្រព័ន្ធរំលាយអាហារដំណើរការល្អ។ ជាតិសរសៃមានមុខងារជួយឱ្យប្រព័ន្ធរំលាយអាហារដំណើររការស្រួលកាត់បន្ថយការទល់លាមក។​ 

ជាតិសរសៃមាននៅខាងក្នុងដូចជា៖ សណ្តែកបារាំង ប្រូខូលី ដំឡូង ពោត ល្ពៅ ការ៉ុត ផ្កាខាត់ណា ខ្ទឹមបារាំង​ គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សាច់ដូង ផ្លែសារី ផ្លែបឺរ ប៊្លូបឺរី ផ្លែស្ត្របឺរី ផ្លែចេក ក្រូច ត្របែក និងផ្លែប៉ោម(ញ៉ាំទាំងសម្បក)។ល។ ៥. ក្រចកនិងសក់ មានសភាពផុយស្រួយ៖​ បើរាងកាយមានការផ្លាស់ប្ដូរ ក្រចក និងសក់ប្រែ​ ជាមានភាពផុយស្រួយនោះបង្ហាញថារាងកាយរបស់យើង អាចប្រឈមខ្វះវីតាមីន B​​។ ដូច្នេះ ត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើដែលសម្បូរសារធាតុប្រភេទនេះដូចជា ផ្លែចេក​​ ខាត់ណា ស្ពៃពួយឡេង ជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀតនៃកង្វះវីតាមីននេះដូចជា ស្លេកស្លាំង​ ឈឺសាច់ដុំ និងអាចរមួលក្រពើញឹកញាប់៕​ ដកស្រង់ពី៖ Hello ​គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត