
សុខភាព៖ សុខភាព គឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ខណៈមនុស្សម្នារប្រើប្រាស់វិធីសាស្ដ្រ និងមធ្យោបាយនានា ដើម្បីទទួលបានសុខភាពល្អ ប៉ុន្តែ..! តើលោកអ្នកដឹងទេ ការទទួលទានទឹកក្រូចឆ្មារ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយយើង? ថ្ងៃនេះ SBM News នឹងជម្រាបជូននូវអត្ថប្រយោជន៍៥យ៉ាងនៃការទទួលទានទឹកក្រូចឆ្មារ...។

ទី១,ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ការទួលទានទឹកក្រូចឆ្មារពិតជាអាចជួយកាត់បន្ថយរោគសញ្ញាផ្សេងៗ ដូចជា៖ ការមិនរំលាយអាហារ ថប់ទ្រូង និងហើមពោះជាដើម។ ជាពិសេសជួយសម្រួលដល់ចលនាពោះវៀនពេលព្រឹក សម្អាតពោះវៀនធំ ជំរុញការផលិតទឹកប្រមាត់ និងជួយការពារការទល់លាមកផងដែរ។

ទី២,បង្កើនប្រព័ន្ធភាពស៊ាំ៖ ការពិតមិនអាចប្រកែកបាន ទឹកក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ដោយអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងជំងឺផ្តាសាយ និងបង្កើនការស្រូបយកជាតិដែកពីរបបអាហារប្រចាំថ្ងៃ។

ទី៣, វើឱ្យស្បែកភ្លឺស្រស់ថ្លា៖ ក្រូចឆ្មាររសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម បន្សាបរ៉ាឌីកាល់សេរី ដែលបណ្តាលឱ្យស្បែកឆាប់ចាស់។ ជាពិសេស វីតាមីន C ជួយបន្តឹងស្បែក ការពារស្នាមជ្រីវជ្រួញ និងកាត់បន្ថយស្នាមជាំនៅលើស្បែកជាដើម។

ទី៤, កម្ចាត់ជាតិពុល៖ ក្រូចឆ្មារជួយសម្រួលដល់ការកម្ចាត់ជាតិពុល ការពារកោសិកា ជាលិកា និងសរីរាង្គ ជាពិសេសជំរុញការផលិតអង់ស៊ីមថ្លើម និងបង្កើនប្រសិទ្ធភាពថ្លើម។ លើសពីនេះ ទឹកក្រូចឆ្មារ ក៏ដើរតួជាថ្នាំបញ្ចុះទឹកនោម ជួយសម្រួលដល់ការបន្ទោរបង់ និងការបណ្តេញជាតិពុលផងដែរ។

ទី៥,បំបាត់ក្លិនខ្លួន៖ ក្រូចឆ្មារបានជួយដល់ការបំបាត់ក្លិនខ្លួន កម្ចាត់ក្លិនមិនល្អ សម្លាប់មេរោគ និងអាចកម្ចាត់ក្លិនក្លៀកបានថែមទៀត។ លើសពីនេះ ទឹកក្រូចឆ្មារក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការលាងសម្អាតទង់ដែង លង្ហិន និងដែកអ៊ីណុក ឱ្យសភ្លឺចែងចាំងបានផងដែរ។ ដូច្នេះ តាមរយៈសម្មតិកម្មខាងលើ អាចឱ្យយើងយល់ច្បាស់ពីគុណតម្លៃរបស់ក្រូចឆ្មារ ដែលបានជួយអស់លោកអ្នកឱ្យមានសុខភាពល្អ រាងកាយមាំមួន ដោយពុំគួរមើលរំលងឡើយ៕




