
រាជធានីភ្នំពេញ៖ ថ្មីៗនេះ មានការបង្ហោះចែកចាយតៗគ្នាលើបណ្ដាញសង្គម ដោយមានស្ត្រីវ័យ២៧ម្នាក់បានបាត់បង់ជីវិត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ក្រោយស្ត្រីរូបនោះ ទើបតែធ្វើដំណើរមកពីហត់ និងក្ដៅ ហើយបានឱនក្បាលកក់សក់...។

មហាជនជាច្រើនបង្ហាញការសោកស្ដាយចំពោះមរណភាពរបស់ស្ត្រីខាងលើ និងខ្លះទៀតបានបញ្ចេញមតិថា ទើបតែដឹងថាគ្រាន់តែធ្វើបែបនឹងអាចបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល, ខ្ញុំទើបភ្ញាក់ខ្លួន នេះជាទម្លាប់ដែលខ្ញុំតែងតែធ្វើ ហានិភ័យណាស់ ។ល។ តើអ្វីទៅជាជំងឺដាច់សរសៃឈាមខួរក្បាល? ទើបធ្វើដំណើរមកពីហត់ ក្ដៅ ហើយងូតទឹកព្រមទាំងឱនក្បាលកក់សក់ផងនោះ ពិតជាអាចនាំឱ្យមានហានិភ័យដាច់សរសៃឈាមខួរក្បាលមែន..? លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់តាមរយៈ SBM News នៅថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២៥នេះថា ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ជាជំងឺដែលមនុស្សគ្រប់វ័យមានឱកាសកើតឡើង ហើយភាពធ្ងន់ធ្ងរនៃជំងឺនេះ នឹងបណ្ដាលឱ្យមនុស្សពិការ ឬស្លាប់ ប្រសិនមិនបានព្យាបាលទាន់ពេល។

ជំងឺដាច់សរសៃឈាមខួរក្បាល គឺបណ្ដាលមកពីការស្ទះសរសៃឈាមខួរក្បាល ឬក្រិន បែក ឬសរសៃឈាមខូចខាត ធ្វើឱ្យឈាមទៅចិញ្ចឹមខួរក្បាលនៅតំបន់នោះខូច ឬខ្វះ ហើយធ្វើឱ្យខួរនៅតំបន់ណាមួយនៃផ្នែកខួរក្បាលត្រូវបានខូចខាត។ លោកបន្ថែមថា កាលណាខូចខាត វានឹងធ្វើឱ្យអ្នកជំងឺមានរោគសញ្ញាមួយចំនួនដូចជា៖ ឈឺក្បាល ព្រិលភ្នែក ងងឹតភ្នែក និយាយមិនរួច វៀចមាត់ ខ្សោយអវៈយវៈមួយចំហៀងខ្លួន ឬដើរមិនរួច ដោយអាស្រ័យតាមទីតាំងដែលស្ទះហើយដាច់ ខណៈគេតែងសង្កេតឃើញថា បើដាច់នៅខាងឆ្វេង នោះអវយវៈខាងស្ដាំនឹងទន់មួយចំហៀង ហើយបើដាច់នៅខាងស្ដាំ អវយវៈនៅខាងឆ្វេងនឹងទន់មួយចំហៀងវិញ។

តើនរណាខ្លះដែលងាយប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល? លោក វេជ្ជបណ្ឌិត នុត សម្បត្តិ បញ្ជាក់ថា មនុស្សវ័យចំណាស់ងាយនឹងមានជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនជាងមនុស្សពេញវ័យ។ ជំងឺនេះទៀតសោតច្រើនកើតលើអ្នកដែលមានជំងឺប្រចាំកាយដូចជា៖ អ្នកជំងឺលើសឈាម អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ធាត់ អ្នកពិសារស្រា ពិសេសអ្នកជក់បារី។ លោកបន្ថែមថា សរសៃឈាមខួរក្បាល នឹងកាន់តែងាយស្រួលដាច់ បើសិនជាសរសៃឈាមនោះស្តើង និងផុយស្រួយ ដោយសារអ្នកជំងឺលើសសម្ពាធឈាមខ្លាំង ធ្វើឱ្យខូចទ្រង់ទ្រាយសរសៃឈាម ធ្វើឱ្យសរសៃឈាមបែក នាំឱ្យមានការហូរឈាមចូលខួរក្បាល ដោយឈាមហូរនៅតំបន់ណា នឹងធ្វើឱ្យខូចដល់ខួរក្បាលនៅតំបន់នោះ។

ដោយឡែក ចំពោះការធ្វើដំណើរមកពីហត់ ក្ដៅ ហើយងូតទឹកភ្លាមៗព្រមទាំងឱនក្បាលកក់សក់ផងនោះ ត្រូវបានមន្រ្តីជំនាញផ្នែកសុខាភិបាលរូបនេះ អះអាងថា «វាមិនមែនជាហានិភ័យធ្វើឱ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗនោះទេ តែជាកត្តាមួយដែលជំរុញឱ្យជំងឺនេះកាន់តែបន្ថែមល្បឿនជាងមុន»។ លោកវេជ្ជបណ្ឌិត ផ្ដល់ការណែនាំថា ពេលមកពីហត់ យើងត្រូវសម្រាកសិនដើម្បីឱ្យចរន្តឈាមដើរបានស្រួល ដោយមិនត្រូវងូតទឹកភ្លាមៗបន្ទាប់ពីហត់ ធ្វើការបែកញើសអស់កម្លាំងទេ ព្រោះការធ្វើឱ្យផ្លាស់ប្ដូរសម្ពាធនេះ ជាកត្តាមួយជំរុញឱ្យមានការដាច់សរសៃឈាមកើតឡើងបាន។

យ៉ាងណាក៏ដោយ ដើម្បីបង្ការកុំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មនុស្សគ្រប់វ័យត្រូវអនុវត្តកម្មវិធីសុខភាពជាប្រចាំមានដូចជា៖ ហាត់ប្រាណ កុំបរិភោគផ្អែមពេក ប្រៃពេក កុំបរិភោគខ្លាញ់ច្រើន កុំជក់បារី កុំពិសារស្រា ត្រូវព្យាបាលរាល់ជំងឺដែលខ្លួនមានឱ្យបានត្រឹមត្រូវ និងដិតដល់ជាមួយគ្រូពេទ្យជំនាញ ហើយមិនត្រូវទិញថ្នាំដោយខ្លួនឯងដោយគ្មានវេជ្ជបញ្ជាទេ។ មួយវិញទៀត ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត មិនស្មុគស្មាញ ឬមិនស្ត្រេស ក៏ជាកត្តាសំខាន់ដែរ ដែលធ្វើឱ្យយើងគេចផុតពីជំងឺដាច់សរសៃឈាមខួរក្បាល៕




