
រាជធានីភ្នំពេញ៖ ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅកម្ពុជា ព្រះអង្គម្ចាស់ ហ្សង់ ហ្ស៊ូសេប ម៉ូរី ជាព្រះរជ្ជទាយាទនៃប្រទេសលុចសំបួ បានយាងទៅគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ហ៊ុន សាន បងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ គោរពវិញ្ញាណក្ខន្ធរួច ព្រះអង្គម្ចាស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតពិភាក្សាគ្នាផងដែរ។

ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ស្នងតំណែងប្រទេសលុចសំបួ ទាំងសម្តេចប្រធានព្រឹទ្ធសភា ទាំងសម្តេចនាយករដ្ឋមន្រ្តី សុទ្ធតែស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ជាសម្លៀកបំពាក់កាន់ទុក្ខ។ រីព្រះអង្គម្ចាស់ និងមន្រ្តីរបស់ទ្រង់ ស្ថិតក្នុងសម្លៀកបំពាក់ការទូតធម្មតា ប៉ុន្តែបានរុំក្រណាត់ពណ៌សនៅដើមដៃខាងឆ្វេង ជានិមិត្តសញ្ញាកាន់ទុក្ខ។ សម្តេច ហ៊ុន សែន ចាត់ទុកទង្វើរបស់ព្រះអង្គម្ចាស់ ហ្សង់ ហ្ស៊ូសេប ម៉ូរី និងគណៈប្រតិភូរបស់ទ្រង់ ថាបង្ហាញអំពីសមានចិត្តដ៏ល្អ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា អរគុណរដ្ឋាភិបាលលុចសំបួ ដែលដល់ផ្តល់ជំនួយ[ជាង២,១លានដុល្លារ ដល់អង្គការដៃគូ] សម្រាប់ប្រើប្រាស់លើការដោះមីននៅកម្ពុជា។ បន្តពីសម្តេចតេជោ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអរគុណបន្ថែមដល់ព្រះរជ្ជទាយាទលុចសំបួ ដែលយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់សម្ដេចនាពេលនេះ។

ព្រះអង្គម្ចាស់ ទ្រង់បានអរគុណត្រឡប់ទៅសម្ដេចប្រធានព្រឹទ្ធសភាវិញ ដែលទទួលស្វាគមន៍ព្រះអង្គ និងគណៈប្រតិភូ ក្នុងការចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ហ៊ុន សាន។ ព្រះអង្គ ថែមទាំងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើបដិសណ្ឋារកិច្ចទទួលព្រះអង្គ និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ ព្រះអង្គម្ចាស់ស្នងតំណែងប្រទេសលុចសំបួ និងគណៈប្រតិភូរបស់ទ្រង់ បានគង់នៅកម្ពុជាអស់៥ថ្ងៃ គឺចាប់ពីថ្ងៃ២៩មីនា ដល់ថ្ងៃ២មេសា ឆ្នាំ២០២៥៕



