តើអ្នកឧកញ៉ា ហ៊ុន សាន ធ្លាប់មានតួនាទីអ្វីខ្លះ?
Mao Sopha
10 ខែមុន

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន សាន បងប្រុសទី១របស់សម្តេចតេជោ ហ៊ុន សែន ធ្លាប់បំពេញការងារជាច្រើនក្នុងស្ថាប័នរដ្ឋ រួមមាន៖ ជាយោធា, ជាប្រធានទទួលជំនួយប្រចាំកំពង់ផែនៃក្រសួងពាណិជ្ជកម្ម, ជាអនុប្រធានផ្នែកដឹកជញ្ជូននៃក្រសួងគមនាគមន៍, ជាអគ្គនាយករងទីភ្នាក់ងារកម្ពុជានាវាចរណ៍ (ឬកាំសាប) នៃក្រសួងសាធារណការ, និងជាទីប្រឹក្សានៃក្រសួងសាធារណការនេះដដែល។ តួនាទីចុងក្រោយ គឺអ្នកឧកញ៉ា ត្រូវ​បានតែងតាំងជារដ្ឋលេខាធិការធិការក្រសួងសាធារណការនេះ ចាប់តាំងពីឆ្នាំ២០២២មក រហូតដល់លោកទទួលមរណភាព។ ក្នុងគ្រួសារ អ្នកឧកញ៉ា ហ៊ុន សាន ជាបងគេបង្អស់។ អ្នកឧកញ៉ា មានកូនទាំងអស់៥នាក់ (ប្រុស២-ស្រី៣)។ 

អ្នកឧកញ៉ា ហ៊ុន សាន 
អ្នកឧកញ៉ា ហ៊ុន សាន 

នៅឆ្នាំ២០២៣ ព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ» ដល់លោក ហ៊ុន សាន។ អ្នកឧកញ៉ា ទទួលមរណភាព នៅម៉ោង២ៈ២៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងវ័យ៧៨ឆ្នាំ ដោយរោគពាធ និងជរាពាធ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្កើតក្រុមការងារ ដើម្បីរៀបបុណ្យសពអ្នកឧកញ៉ា ហ៊ុន សាន ដោយមានលោក ឈិន កេតនា ជាប្រធាន លោក ហ៊ុន ម៉ានិត ជាអនុប្រធាន និងមានរដ្ឋមន្រ្តី ព្រមទាំងមេកងកម្លាំងប្រដាប់អាវុធមួយចំនួនជាសមាជិក។  

អ្នកឧកញ៉ា ហ៊ុន សាន និងសម្តេច ហ៊ុន សែន 
អ្នកឧកញ៉ា ហ៊ុន សាន និងសម្តេច ហ៊ុន សែន 

សពអ្នកឧកញ៉ា ហ៊ុន សាន ត្រូវបានតម្កល់ធ្វើបុណ្យនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃលោកទទួលមរណភាព រហូតដល់ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ទើបនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើតាមសម្តេចតេជោជាប្អូន អ្នកឧកញ៉ា ហ៊ុន សាន បានបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់អនុវិទ្យាល័យ ព្រោះដើម្បីទៅជួយពុកម៉ែធ្វើស្រែចម្ការ និងដើម្បីផ្តល់ឱកាសឱ្យប្អូនៗ ទទួលបានការសិក្សានៅភ្នំពេញ។ សម្តេចតេជោ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ»៕ 

ភរិយា និងកូនៗទាំង៥នាក់របស់អ្នកឧកញ៉ា ហ៊ុន សាន 
ភរិយា និងកូនៗទាំង៥នាក់របស់អ្នកឧកញ៉ា ហ៊ុន សាន 
បងប្អូនប្រុសទាំង៣៖ អ្នកឧកញ៉ា ហ៊ុន សាន បងគេ (ឈរកណ្តាល), ឯកឧត្តម ហ៊ុន ណេង បងទី២ (ឈរស្តាំដៃ), សម្តេច ហ៊ុន សែន ប្អូនគេ (ឈរឆ្វេងដៃ។ 
បងប្អូនប្រុសទាំង៣៖ អ្នកឧកញ៉ា ហ៊ុន សាន បងគេ (ឈរកណ្តាល), ឯកឧត្តម ហ៊ុន ណេង បងទី២ (ឈរស្តាំដៃ), សម្តេច ហ៊ុន សែន ប្អូនគេ (ឈរឆ្វេងដៃ។ 
សម្តេច ហ៊ុន សែន និងបងប្អូនប្រុសស្រីទាំង៥នាក់
សម្តេច ហ៊ុន សែន និងបងប្អូនប្រុសស្រីទាំង៥នាក់
<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត