រាជធានីបាងកក៖ តារាចម្រៀងរ៉េប ងួន ចាន់ដាវីត (Ngoun ChanDavith) ហៅជីដេវីត បានបង្ហោះសារលើគណនីផ្ទាល់ខ្លួនថា លោក និងគ្រួសារ កំពុងស្ថិតនៅក្នុងរាជធានីបាងកក ដែលកំពុងជួបហេតុការណ៍រងគ្រោះដោយការរញ្ជួយដីកម្រិត៧,៧រ៉ិកទ័រ...។

ថ្លែងសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនលើគណនីហ្វេសប៊ុក តារាចម្រៀងរ៉េប ងួន ចាន់ដាវីត បញ្ជាក់យ៉ាងដូច្នេះថា៖«អរគុណដែលបារម្ភ ឥឡូវពួកខ្ញុំកំពុងរកផ្លូវទៅមាតុភូមិវិញហើយ បងប្អូន»។ សារនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជីដេវីត មានភ្ញាក់ផ្អើលជាខ្លាំង ដ្បិតថា នៅប្រហែលមួយម៉ោងមុនការបង្ហោះសារនេះ ពលដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងភ្ញាក់ផ្អើលជាខ្លាំងនូវហេតុការណ៍គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិអាស៊ាន ដែលការរញ្ជួយដីមានកម្រិតរហូតដល់ទៅ៧,៧រ៉ិកទ័រ និងបានបំផ្លាញអគារខ្ពស់ៗ សំណង់អគារទើបនឹងសាងសង់ថ្មី និងផ្ទះប្រជាពលរដ្ឋជាច្រើនរយខ្នងនៅក្នុងប្រទេសថៃ និងភូមា បាក់ដួលរលំរាបទាបដល់ដី ខណៈដែលពលករកម្ពុជារាប់សែននាក់ ក៏កំពុងបម្រើការងារជាកម្មករសំណង់នៅក្នុងប្រទេសថៃផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងរាជធានីភ្នំពេញ មានការភ័យតក់ស្លុតជាខ្លាំង ដោយបាននាំគ្នារត់ចេញពីអគារការិយាល័យធ្វើការយ៉ាងតក់ក្រហល់។ ទន្ទឹមនឹងនោះ ពលរដ្ឋខ្មែររស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀតបានឱ្យដឹងថា ក៏មានការរញ្ជួយដីខ្លះៗដែរនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ប៉ុន្តែការរញ្ជួយនោះមានកម្រិតតិចតួចប៉ុណ្ណោះ។ តែយ៉ាងណា សម្រាប់ដំណឹងសុវត្ថិភាពរបស់ក្រុមគ្រួសារតារាចម្រៀងរ៉េប ងួន ចាន់ដាវីត នៅពេលនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនតូចនៅកម្ពុជា បានធូរស្បើយក្នុងអារម្មណ៍ និងអ្នកខ្លះទៀតបានជំរុញឱ្យលោក ងួន ចាន់ដាវីត និងក្រុមគ្រួសារស្រូតរូតឆាប់ត្រឡប់ចូលមកប្រទេសវិញ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន..៕








