
រាជធានីភ្នំពេញ៖ អតីតអាសនៈរបស់តំណាងរាស្ត្រ ចំនួនជិត២០០កៅអី ដែលរដ្ឋសភាប្រគល់ជូនដល់វិទ្យាល័យឥន្ទ្រទេវី នឹងត្រូវយកទៅដាក់ប្រើប្រាស់ក្នុងសាលប្រជុំធំនៃវិទ្យាល័យ ដើម្បីបម្រើឱ្យកិច្ចប្រជុំសំខាន់ៗផ្សេងៗ…។

កៅអីរដ្ឋសភាចំនួន១៨៦ ត្រូវបានរដ្ឋសភាដឹកនាំដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាំយកទៅប្រគល់ជូន លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី កាលពីថ្ងៃទី២៧មីនា ឆ្នាំ២០២៥ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍តាមតម្រូវការជាក់ស្តែង។ ថ្លែងប្រាប់ SBM News នាថ្ងៃទី២៨មីនានេះ លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំងដែលទទួលបានកៅអីពីរដ្ឋសភា ខណៈលោកនឹងយកកៅអីទាំងនេះទៅបំពាក់ក្នុងសាលប្រជុំធំរបស់សាលាតែម្ដង មិនមានការចែករំលែកឱ្យសិស្ស ឬបុគ្គលិកសាលាអង្គុយនោះទេ។ សាលាឥន្ទ្រទេវី ត្រូវបានបញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា ថា មានទីតាំងល្អសក្តិសមនឹងទទួលបានកៅអីរដ្ឋសភានេះ។ ដូច្នេះ ក្រោយទទួលបានដំណឹងពីរដ្ឋសភាថាចង់ប្រគល់កៅអីទៅឱ្យសាលារៀន ក្រសួងបានទាក់ទងឱ្យលោកដាក់សំណើទៅកាន់រដ្ឋសភាដោយផ្ទាល់។ នាយកវិទ្យាល័យឥន្ទ្រទេវី រូបនេះ បានអរគុណដល់រដ្ឋសភា និងបានប្ដេជ្ញាប្រើប្រាស់អំណោយនេះឱ្យបានជាប្រយោជន៍យូរអង្វែង។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា កៅអីទាំងនេះជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភាដែលនៅទីនេះគេហៅថា “អាសនៈ” តំណាងរាស្ត្រដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ ទោះបីជាកៅអីទាំងនេះ បានប្រើប្រាស់ហើយក៏ដោយ ប៉ុន្តែនៅមានគុណភាពល្អប្រសើរអាចយកទៅប្រើប្រាស់នៅក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលា៕



