
រាជធានីភ្នំពេញ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦មេសា ឆ្នាំ២០២៥ខាងមុខ និងការទាក់ទាញអ្នកទេសចរបានកាន់តែច្រើន ក្រសួងទេសចរណ៍បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរ ត្រូវចូលរួមពង្រឹងគុណភាពសេវាកម្មឱ្យបានល្អប្រសើរ...។

ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវរៀបចំតុបតែងលម្អបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ជាពិសេសអត្តសញ្ញាណរបស់រាជធានី-ខេត្ត ដោយមិនឱ្យប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ។ នៅតាមមូលដ្ឋានអាជីវកម្ម ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិកម្ពុជា នៅផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម ចំណែកផ្នែកខាងក្នុងត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំង៣ ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង។ រឿងសំខាន់មួយទៀត ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ ដោយត្រូវបញ្ជាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណាជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍។

ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនឱ្យបានល្អប្រសើរ, ក្រើនរំលឹកពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកពីការទទួលបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍។ ក្រសួងទេសចរណ៍ ក៏បានណែនាំបន្ថែមដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មលក់ដូរ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ជាងនេះទៅទៀត ត្រូវចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ និងចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវយុទ្ធនាការ“ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕



