ម្ចាស់ជើងឯក Club World Cup នឹងទទួលបានទឹកប្រាក់រហូតដល់១២៥លានដុល្លារអាម៉េរិក
ហៀប ស៊ីថេត
10 ខែមុន

FIFA៖ ក្រុមឈ្នះលើការប្រកួតពានរង្វាន់ Club World Cup ដែលមានសរុបចំនួន៣២ក្រុមនៅឆ្នាំនេះ នឹងទទួលបានប្រាក់រហូតដល់១២៥លានដុល្លារ ខណៈព្រឹត្តិការណ៍ដ៏ធំនេះ នឹងត្រូវធ្វើឡើងនៅលើទឹកដីសហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់ FIFA កាលពីថ្ងៃពុធទី២៦មីនា។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានប្រកាសកាលពីដើមខែនេះ នូវរង្វាន់សរុបចំនួន១ពាន់លានដុល្លារសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា។ ប្រធាន FIFA លោក ជីអាននី អ៊ីនហ្វែនទីណូ (Gianni Infantino) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«FIFA នឹងមិនរក្សាទុកមូលនិធិណាមួយសម្រាប់ការប្រកួតនេះទេ ដោយសារតែថវិកាទាំងអស់ នឹងត្រូវចែកចាយទៅឱ្យក្លឹបបាល់ទាត់ ហើយក៏មិនប៉ះពាល់ដល់ទុនបម្រុងរបស់ FIFA ដែលត្រូវបានរក្សាទុកសម្រាប់ការអភិវឌ្ឍបាល់ទាត់ពិភពលោកតាមរយៈសមាគមសមាជិក FIFA ទាំង២១១នោះដែរ»។

លោក ជីអាននី អ៊ីនហ្វែនទីណូ (Gianni Infantino)
លោក ជីអាននី អ៊ីនហ្វែនទីណូ (Gianni Infantino)

ប្រហែលពាក់កណ្តាលនៃទឹកប្រាក់សរុបចំនួន១ពាន់លានដុល្លារ នឹងត្រូវបែងចែកទៅកាន់ក្លឹបទាំង៣២ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យកីឡា និងពាណិជ្ជកម្ម មានន័យថា ក្លឹបដូចជា មេឃខៀវ Manchester City និងអធិរាជស Real Madrid នឹងមានឱកាសទទួលបានភាគរយច្រើនជាងក្លឹបតូចៗនៅក្នុងគំរូ FIFA ដែលត្រូវបានបង្កើតឡើងដោយសមាគមក្លឹបបាល់ទាត់អឺរ៉ុប។ ទឹកប្រាក់ចំនួន៤៧៥លានដុល្លារបន្ថែមទៀតនឹងត្រូវបានផ្តល់រង្វាន់លើមូលដ្ឋានដែលទាក់ទងនឹងការប្រកួត មានន័យថា ក្រុមឈ្នះច្រើនជាងគេក្នុងចំនួន៧ប្រកួត នឹងទទួលបានប្រាក់ពីលើបន្ថែមទៀត លើចំនួន ១២៥លានដុល្លារ​។

គួរបញ្ជាក់ថា FIFA Club World Cup គឺជាការប្រកួតបាល់ទាត់អន្តរជាតិរៀបចំឡើងដោយ FIFA ដែលមានក្លឹបជើងឯកមកពីទ្វីបនីមួយៗនៃទ្វីបទាំងប្រាំមួយ រួមជាមួយម្ចាស់ជើងឯកលីករបស់ប្រទេសម្ចាស់ផ្ទះផងដែរ។ វាត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ ហើយប្រមូលផ្តុំដោយក្រុមខ្លាំងៗ និងល្បីៗជាច្រើនមកពី UEFA Champions League, Copa Libertadores និង AFC Champions League ជាដើម ហើយវាត្រូវប្រកួតប្រជែងរៀងរាល់៤ឆ្នាំម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត