ល្ងាចនេះ! គោព្រៃកម្ពុជាអាចបោចរោមទីទុយឆ្លងទ្វីបអារូបាឱ្យអស់ពីខ្លួនបានដែរឬទេ?
ហៀប ស៊ីថេត
25 មីនា 2025 06:45 AM

បាល់ទាត់៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ត្រូវមានភារកិច្ចបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) នៅល្ងាចថ្ងៃអង្គារទី២៥ ខែមីនានេះ ស្វាគមន៍ក្រុមជម្រើសជាតិទីទុយកោះអារូបា...។

គួរជម្រាបថា គោព្រៃកម្ពុជាមិនទាន់ជាស្នាមរបួសស្រួលបួលនៅឡើយទេ ក្រោយបរាជ័យក្រោមកន្ទុយនាគរាជចម្បាំងវៀតណាមវ័ធត្រូវក្នុងលទ្ធផល២-១។ បើទោះបីជានាគរាជវៀតណាមបន្សល់ទុកស្នាមរបួសឱ្យក្រុមគោព្រៃកម្ពុជាក៏ដោយ ប៉ុន្តែនាគចម្បាំងវៀតណាម ក៏ត្រូវមួយស្នែងរបស់គោព្រៃកម្ពុជាវ័ធធ្លុះស្រកានាគរាជវិញដែរ។ ក្រោយសម្រាកព្យាបាលរបួសជិត១សប្តាហ៍ ពេលនេះក្រុមជម្រើសជាតិគោព្រៃកម្ពុជាត្រៀមសម្រួចស្នែងសម្ដែងមហិទ្ធិឫទ្ធិសាជាថ្មី ជាមួយស្តេចទីទុយកំណាចឆ្លងទ្វីបអារូបា ក្នុងជំនួបមិត្តភាពលក្ខណអន្តរជាតិ។

តើក្រុមជម្រើសជាតិគោព្រៃកម្ពុជា អាចបោចរោមទីទុយអារូបាបានដែរឬទេ...? ខណៈទីទុយអារូបាបានចំណាយយពេលដ៏យូរក្នុងការហោះហើរឆ្លងទ្វីបចូលមកកាន់សមរភូមិវាលស្មៅបៃតងខ្ចីនៃពហុកីឡដ្ឋានជាតិអូឡាំងពិក។ យ៉ាងណា អ្នកគាំទ្រកម្ពុជាជឿជាក់យ៉ាងមុតមាំទៅលើក្រុមជម្រើសជាតិកម្ពុជា ព្រោះថាយើងគឺជាម្ចាស់ផ្ទះ ស្របពេលដែលទីទុយអារូបាហោះឆ្លងទ្វីបមកកម្ពុជាទំនងជាអស់កម្លាំង និងហាក់ទន់ស្លាបបន្តិចហើយ ម្យ៉ាងពួកគេទើបតែរងបរាជ័យក្រោមថ្វីជើងក្រុមសេះបង្កង់វិសាខាក្នុងលទ្ធផល៣-១ កាលពីពេលថ្មីៗនេះ ក្នុងជំនួបសាកល្បងសមត្ថភាពដកស្រង់បច្ចេកទេស។

អ្នកគាំទ្របាល់ទាត់កម្ពុជាជឿងជាក់ថា កម្ពុជានឹងបោចរោមទីទុយអារូបា ដើម្បីស្អំបេះដូងអ្នកគាំទ្រឱ្យត្រជាក់ឡើងវិញ បន្ទាប់ពីបានស្ពាយបង្វិចបទពិសោធ និងស្នាមរបួស ក្រោយល្បងឫទ្ធិជាមួយនាគរាជចម្បាំងវៀតណាម កន្លងទៅថ្មីៗ។ តស់ ចាំអុតមើលទាំងអស់គ្នា! តើរវាងគោព្រៃកម្ពុជា និងទីទុយឆ្លងទ្វីបអារូបា ក្រុមណាជាអ្នកចម្បាំងសមរភូមិវាសស្មៅពិតប្រាកដ..? ទន្ទឹមនឹងកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៨០ ក្នុងបញ្ជីរចំណាត់ថ្នាក់ FIFA Ranking ខណៈអារូបាស្ថិតនៅចំណាត់ថ្នាក់ទី១៩៥ ឯណោះ ពោលគឺនៅក្រោមកម្ពុជាដល់ទៅ១៥ថ្នាក់...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត