តើព្រះខ័នរាជស្វាយរៀងអាចបង្កើតប្រវត្តិសាស្ត្រថ្មី អាចស.ម្លា.ប់សេះស[Arkandag] ដណ្តើមពានជូនជាតិបានដែរឬទេ..?
ហៀប ស៊ីថេត
09 ឧសភា 2025 08:45 AM

បាល់ទាត់៖ ពេលវេលារំភើបញាប់ញ័រ សប្បាយរីករាយ ភ័យអរ និងក្ដីព្រួយបារម្ភកំពុងកើតមាននៅក្នុងអារម្មណ៍ និងបេះដូងអ្នកគាំទ្របាល់ទាត់កម្ពុជា ពិសេសក្រុមអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ដែលកំពុងមានអម្រែកលើស្មារដ៏ធ្ងន់ នោះគឺការប្រយុទ្ធជាមួយក្រុមសេះសឆ្លងទ្វីបអាកាដាក់ Arkadag មកពីប្រទេសតួកមេនីស្ថាន ដើម្បីសាងប្រវត្តិសាស្ត្រឱ្យខ្លួនឯង និងជាតិ។ តើនក្រុមណានឹងក្លាយជាអធិរាជវាលស្មៅ នៃពានរង្វាន់ AFC Challenge League ២០២៤/២០២៥ ពិតប្រាកដ..?

ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា បានសំលៀងផ្លែដាវរបស់ខ្លួនរួចជាស្រេច ដើម្បីត្រៀមសម្ញែងមហិទ្ធិឫទ្ធិជាមួយក្រុមសេះសអាកាដាក់ ក្នុងពានរង្វាន់ AFC Challenge League ២០២៤/២០២៥ នៅលើសមរភូមិវាលស្មៅ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃសៅរ៍ទី១០ ខែឧសភានេះ។ ថ្វីដ្បិតព្រះខ័នរាជស្វាយរៀង ជាក្រុមចាស់វស្សាមួយរបស់ប្រទេសកម្ពុជា ហើយផ្លែដាវប្រឡាក់ជាប់ទៅដោយលោហិតសត្រូវរាប់មិនអស់ ទម្រាំឡើងមកដល់វគ្គកាត់សេចក្តីផ្តាច់ព្រ័ត្រនេះក៏ដោយ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង មិនអាចមើលស្រាល ក្រុមសេះសអាកាដាក់ បានឡើយ ដ្បិតទើបតែប្រសូត្របាន២ឆ្នាំក៏ពិតមែន ប៉ុន្តែក្រុមសេះសមានកម្លាំងដូចដំរីមួយនេះ បានបំបាក់គូរសត្រូវរបស់ខ្លួនស្ទើរគ្រប់ការប្រកួតដូចគ្នានឹងព្រះខ័នរាជស្វាយរៀងដែរ។

សូមជម្រាបថា ក្រុមបាល់ទាត់អាកាដាក់ ទើបតែបង្កើតឡើងក្នុងឆ្នាំ២០២៣ ថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែក្រុមនេះបានប្រមូលពានគ្មានសល់ក្នុងទឹកដីតួកមេនីស្ថាន ជាពិសេស ជាម្ចាស់ជើងឯក២សម័យកាលនៃពានរង្វាន់លីកកំពូល Ýokary Liga ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ ក្រៅពីទឹកដីកំណើតរបស់ខ្លួន ក្រុមសេះសអាកាដាក់ ក៏បានបំបាក់ និងយកឈ្នះគូរប្រកួតខ្លាំងៗមកពីបណ្តាប្រទេសផ្សេងទៀតផងដែរ ខណៈក្រុមមានតែជនជាតិតួកមេនីស្ថានសុទ្ធមួយនេះ បរាជ័យតែ៣ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតសរុបចំនួនជាង៦០លើក។ តើលោកអ្នកដឹងទេ..? ក្រុមសេះសអាកាដាក់ មិនដែលស្គាល់ពាក្យថា «ចាញ់» លើទឹកដីកំណើតរបស់ខ្លួនឡើយ។

ជុំវិញជុំនួបវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់កម្រិតទី៣ នៅទ្វីបអាស៊ីមួយនេះ អ្នកទ្របាល់ទាត់កម្ពុជា បង្ហាញពីសន្ទុះគាំទ្រភ្លូកទឹកភ្លូកដី និងបានសាទរជូនពរព្រោងព្រាតទៅដល់ក្រុមខ្លាំងកម្ពុជាមួយនេះ។ ទន្ទឹមគ្នា អ្នកគាំទ្របាល់ទាត់កម្ពុជាមួយចំនួនលើកឡើងថា ក្រុមសេះសអាកាដាក់ នឹងស្គាល់ពាក្យ «បរាជ័យជាលើកទី៤» នៅថ្ងៃសៅរ៍ទី១០ ខែឧសភានេះ។ ឯអ្នកខ្លះទៀតលើកឡើងដោយជឿជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងផ្តល់មេរៀនយ៉ាងចាស់ដៃដល់ក្រុមទើបតែប្រសូត្រឡើងមួយនេះ។ ចំណែកមួយចំនួនទៀតបន្ថែមថា សេះសឆ្លងដែនមកពីតួកមេនីស្ថាន នឹងផ្អើលរត់រកម្ចាស់ដើមវិញ ដោយសារសំឡេងហោរកញ្ចៀវនៃអ្នកគាំទ្រកម្ពុជា។ យ៉ាងណា ទាំងក្រុមព្រះខ័នរាជរាជស្វាយរៀង និងក្រុមសេះសអាកាដាក់ សុទ្ធតែក្រុមខ្លាំងដូចគ្នា។ គួរបញ្ជាក់ថា តំណែងអធិរាជវាលស្មៅ នៃពានរង្វាន់ AFC Challenge League 2024/2025 នឹងត្រូវបង្ហាញនៅថ្ងៃសៅរ៍ទី១០ ខែឧសភានេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត