អ្នកជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃ បើរាងកាយលេចចេញនៅអាការទាំង៦នេះ ជាសញ្ញាប្រាប់ថាថ្លើមមានបញ្ហា
S
Sreyleak Yith
មួយឆ្នាំមុន

សុខភាព៖​ ទម្លាប់មិនល្អពីការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃ អាចបង្កឱ្យប៉ះពាល់ដល់ថ្លើម ឬកើតជំងឺផ្សេងទៀត។​ ​ ថ្ងៃនេះ​​ SBM News នឹងបង្ហើបប្រាប់ពីអាការទាំង៦ ដែលអាចជាសញ្ញាបញ្ជាក់ថា​ ថ្លើមលោកអ្នកចាប់ផ្តើមចុះខ្សោយហើយ…។

១.បញ្ហាគេង៖​ មានកត្ដាជាច្រើនដែលអាចប៉ះពាល់ដល់ការគេង ក្នុងនោះក៏បណ្ដាលមកពីបញ្ហាថ្លើមផងដែរ។ តួយ៉ាងជំងឺក្រិន​ថ្លើម ​ក្នុងដំណាក់កាលដំបូង អាចបណ្ដាលឱ្យអ្នកជំងឺប្រឈមការគេងមិនលក់ ឬគេងមិនស្កប់។ ការសិក្សាបង្ហាញ​ថា អ្នកជំងឺក្រិនថ្លើមមានការបញ្ចេញអ័រម៉ូនមេឡាតូនីនច្រើននៅពេលថ្ងៃ ហើយកាត់បន្ថយនៅពេល​យប់ទើបបណ្ដាលឱ្យអ្នកជំងឺគេងមិនសូវបាន។​ មេទ្បាតូនីន​​ ជាអ័រម៉ូនម្យ៉ាងគ្រប់គ្រងលើវដ្ដនៃការគេង ជាធម្មតាអ័រម៉ូននេះបញ្ចេញពីខួរក្បាលនៅពេល​យប់ គ្រប់គ្រងទៅលើការគេង ដូច្នេះប្រសិនបើមនុស្សម្នាក់មានជំងឺថ្លើម ការបញ្ចេញអ័រម៉ូននេះមានភាពមិនប្រក្រតី​ ទើបធ្វើឱ្យអ្នកជំងឺប្រឈមការគេងមិនលក់។

២.ស្បែកងាយឡើងជាំ៖​ ថ្លើមមានមុខងារផលិតប្រូតេអុីន ជួយចិញ្ចឹមកោសិកាធំ-តូចទាំងហ្លាយក្នុងរាងកាយ ដូចជា ពពួកប្រូ​តេអ៊ីនដែលជួយដល់សុខភាពស្បែក។ ប្រសិនជាសុខភាពថ្លើមមិនល្អ មិនអាចផលិតប្រូតេអ៊ីនបានគ្រប់គ្រាន់ ពេលនោះក៏ប៉ះពាល់ដល់សុខភាពស្បែកដូចគ្នា ធ្វើឱ្យស្បែកគ្មានភាពរឹងមាំងាយប្រឈមការឡើងជាំពេលប៉ះទង្គិចនឹងអ្វីមួយ។ ៣.ឡើងកន្ទួលក្រហម៖​ ការឡើងកន្ទួលក្រហមរមាស់លើស្បែកដោយគ្មានមូលហេតុ ក៏ជាសញ្ញាបង្ហាញថា ​ថ្លើមមានសុខភាពខ្សោយព្រោះថា ការឡើងកន្ទួលរមាស់ចេញពីខាងក្នុងស្បែកបណ្ដាមកពីទឹកប្រមាត់មានការកើនឡើង​ ខណៈថ្លើមគ្មានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ។ ការរមាស់នេះ ថ្វីដ្បិតតែមិនបង្កផលប៉ះពាល់ដល់ស្បែក​ ប៉ុន្ដែវាជារោគសញ្ញាមួយបង្ហាញពីសុខភាពថ្លើម។  

៤.កើតជំងឺខាន់លឿង៖​ ជំងឺខាន់លឿង​​ ជាប្រភេទជំងឺម្យ៉ាងដែលធ្វើឱ្យស្បែក និងភ្នែកលោកអ្នកជំងឺមានសភាពលឿង។ បញ្ហា​លឿង​នេះ​ កើត​ឡើង​ដោយសារ​តែ​សារធាតុ bilirubin ដែលផលិតពីកោសិកាគ្រាប់ឈាមក្រហម​ ហើយថ្លើមមិនអាចបំបែកបាន។ ក្នុងករណីថ្លើមមិនអាចបំបែកសារធាតុនេះបាន នោះមានន័យថា សុខភាពថ្លើមចុះខ្សោយអាចមានជំងឺដូចជា ក្រិនថ្លើម ឬរលាកថ្លើមជាដើម។ ដូច្នេះ ប្រសិនបើជួបប្រទះជំងឺខាន់លឿង ត្រូវទៅជួបគ្រូពេទ្យឆាប់តាមដែលអាចធ្វើទៅបាន។ ៥.អស់កម្លាំង៖​ ខ្សោយឆាប់អស់កម្លាំង ក៏ជាសញ្ញាមួយពាក់ព័ន្ធទៅនឹងសុខភាពថ្លើម​ ព្រោះនៅពេលដែលថ្លើមមានបញ្ហា គឺគ្មាន​សមត្ថភាពអាចបំបែកជាតិពុលក្នុងអាហារ ហើយក៏មិនអាចស្រូបយកសារធាតុសំខាន់ៗ​​ ដើម្បីចិញ្ចឹមរាងកាយបានគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត អាការខ្សោយឆាប់អស់កម្លាំងនេះ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺរលាកថ្លើម។  

៦.បាត់បង់ចំណង់អាហារ៖​ សុខភាពថ្លើមមិនល្អ ក៏បណ្ដាលឱ្យបាត់បង់ចំណង់អាហារ និងស្រកគីឡូខុសធម្មតា ព្រោះថ្លើមមានមុខងារបំប្លែងសារធាតុចិញ្ចឹមចេញពីរបបអាហារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់រាងកាយ។ ប្រសិនបើថ្លើមមានបញ្ហារលាក ឬខូចខាតកោសិកាណាមួយមិនអាចបំពេញមុខងារបានល្អទេ​ នោះនឹងធ្វើឱ្យប៉ះពាល់ផ្នែកផ្សេងនៃទៀតនៃប្រព័ន្ធរំលាយអាហារបណ្ដាលឱ្យអ្នកជំងឺបាត់ចំណង់អាហារ ស្រកគីឡូ ចង្អោរ ករណីខ្លះអាចក្អួតផងដែរ៕​ ដកស្រង់ពី៖​ Hello​ ​គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត