ជំងឺវៀចមាត់មាន២ប្រភេទ កត្តាចម្បងឱ្យកើតជំងឺនេះ ដោយសារហេតុផល៩យ៉ាង
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ ជំងឺវៀចមាត់ (paralysie faciale) ជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខបណ្ដាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial។ ជំងឺវៀចមាត់មានពីរប្រភេទដូចជា ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ (périphérique) និងជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល(centrale)...។

មូលហេតុនៃ«ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ» មានដូចជា អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺដុំសាច់ដែលបណ្ដាលឱ្យប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេស ផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល, ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាល និងការប៉ះទង្គិចបណ្ដាលឱ្យបាក់ឆ្អឹងរូសេ ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។ តែយ៉ាងណា ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ អាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ វាអាចជាទៅវិញក្នុងរយៈពេលតិចបំផុត២ខែ តែក៏អាចនៅមានសំណល់២០ភាគរយ។ ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ មានរោគសញ្ញានៅផ្ទៃមុខផ្នែកខាងលើដូចជា ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នា ពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។ ភ្នែកបិតមិនជិត និងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ។ ផ្ទៃមុខផ្នែកខាងក្រោម ផ្នែកខាងដែលខូច គឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។

ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅ ក៏អាចមានរោគសញ្ញាផ្សេងៗទៀតដូចជាស្ងួតទឹកមាត់  អណ្តាតមិនដឹងរសជាតិ និងស្ងួតទឹកភ្នែក។ រីឯវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល មកពីជំងឺដុំសាច់ ឬមហារីកខួរក្បាល, ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល, ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល, ជំងឺ Sclerose en plaque។ រោគសញ្ញា គឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ និងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។ ដូច្នេះ បើលោកអ្នកមានជំងឺវៀចមាត់ ឬមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ រុះរាន់ទៅមន្ទីរពេទ្យជួបអ្នកជំនាញឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស និងច្បាស់លាស់ ឈានទៅរកការព្យាបាលឱ្យបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត