
បាល់ទាត់៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវចូលនឹមត្របាញ់ជើងល្បងឫទ្ធិជាមួយនាគរាជចម្បាំងវៀតណាម នៅថ្ងៃពុធទី១៩ ខែមីនា ឆ្នាំ២០២៥នេះ នៅលើសមរភូមិវាលស្មៅបៃតងនៃពហុកីឡដ្ឋានហ្គោដូ Gò Đậu ក្នុងខេត្តទួលតាមោក (Bình Dương) កម្ពុជាក្រោម...។

តើក្រុមជម្រើសជាតិគោព្រៃកម្ពុជា អាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ និងរួចផុតពីបណ្តាសារបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិវៀតណាមបានដែរឬទេ...? ជាការពិតណាស់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវមានភារកិច្ចនៅស្មាដ៏ធ្ងន់មួយ ដោយត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងនាគរាជចម្បាំងវៀតណាមដល់ផ្ទះ នៅថ្ងៃទី១៩ ខែមីនា។ តើជាបណ្តាសារ ឬយ៉ាងណា..? ក្រុមជម្រើសជាតិគោព្រៃកម្ពុជា មិនដែលស្គាល់ពាក្យថាឈ្នះលើក្រុមជម្រើសជាតិវៀតណាមម្ដងណាឡើយ មិនថាប្រកួតជាលក្ខណៈមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់ផ្សេងៗ។

គួរជម្រាបថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានប្រយុទ្ធជាមួយក្រុមនាគរាជចម្បាំងវៀតណាមចំនួន១៣លើក ប៉ុន្តែជាអកុសល ក្រុមជម្រើសជាតិកម្ពុជា មិនធ្លាប់បានភ្លក្សរសជាតិឈ្នះលើក្រុមជម្រើសជាតិវៀតណាមឡើយ។ SBM News សូមរំឭកបន្តិចថា ក្រុមគោព្រៃកម្ពុជាបានប្រកួតជាមួយក្រុមនាគចម្បាំងវៀតណាមនៃពានរង្វាន់កម្រិតតំបន់អាស៊ីអាគ្នេយ៍ AFF Championship ចំនួន៧លើក និង AFC Asian Cup Qualifiers ចំនួន១លើក ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្ពាយបង្វិចបទពិសោធជូនជាតិតែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ក្រុមជម្រើសជាតិនៃប្រទេសក្បែរខាងទាំង២ ក៏ធ្លាប់បានប្រកួតមិត្តភាពចំនួន៥ប្រកួតផងដែរ (មាន១ប្រកួតមិនផ្លូវការ) ប៉ុន្តែបន្សល់ទុកត្រឹមស្នាមរបួសដ៏ឈឺចាប់សម្រាប់ក្រុមជម្រើសជាតិកម្ពុជាតែប៉ុណ្ណោះ។

យ៉ាងណា អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាជាច្រើន បានជូនពរក្រុមជម្រើសជាតិកម្ពុជាព្រោងព្រាតឱ្យទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិវៀតណាម ក្នុងជំនួបដ៏ខ្លីខាងមុខ។ ចំណែកអ្នកខ្លះទៀតបានលើកទឹកចិត្តថា៖«វាដល់ពេលហើយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការស្តារប្រវត្តិសាស្ត្រជូនជាតិឡើងវិញ»។ ចំណែកឯអ្នកខ្លះទៀតសង្ឃឹមថា៖«ក្រុមគោព្រៃកម្ពុជានឹងទទួលបានបទពិសោធថ្មីៗបន្ថែម...»។ យ៉ាងណាក៏ដោយអ្នកគាំទ្រនៅតែសង្ឃឹមលើក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងប្រើស្នែងដ៏មុតស្រួចដើម្បីវ័ធទម្លុះស្រកានាគរាជចម្បាំងវៀតណាមដល់ល្អាងជាក់ជាមិនខាន៕








