លោក វ៉ី សំណាង ប្ដេជ្ញាទាក់ទាញអ្នកវិនិយោគចូលមកខេត្តតាកែវឱ្យបានច្រើន
S
Soriya Sou
18 ឧសភា 2025 09:00 AM

ក្រុងដូនកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានប្ដេជ្ញាបន្តទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុន បោះទីតាំង បង្កើតរោងចក្រនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើនបន្ថែមទៀត។ ប៉ុន្តែទន្ទឹមគ្នា លោកក៏ចង់ឃើញកម្មករនិយោជិតទាំងអស់ ប្រឹងប្រែងលើកកម្ពស់សមត្ថភាពខ្លួនឯងបន្ថែមទៀតដូចគ្នា...។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធ
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធ

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង៥០០នាក់ នៅស្រុកត្រាំកក់ នាព្រឹកថ្ងៃទី១៨ឧសភានេះ លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំ ខេត្តតាកែវកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយរោងចក្រ សហគ្រាស បានបើកកាន់តែកៀកលំនៅឋានរបស់ប្រជាពលរដ្ឋតែម្ដង។ បើតាមលោក វ៉ី សំណាង ស្ថិរភាព និងសន្តិសុខជាតិ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត។ «ខ្ញុំប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅឋានរបស់បងប្អូន»។ លោកថា នៅពេលមានអ្នកវិនិយោគចូលមកបណ្ដាក់ទុនកាន់តែច្រើន វានឹងជួយបង្កើតឱកាសការងារនៅជិតផ្ទះជូនប្រជាពលរដ្ឋ, កាត់បន្ថយការចំណាកស្រុក, និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

លោកអភិបាលខេត្តតាកែវ ក៏បានអរគុណដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតទាំងអស់ ចំពោះការខិតខំប្រឹងប្រែងកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីចូលរួមចំណែកកសាងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើនសម្បូរសប្បាយ។ សូមជម្រាបថា បច្ចុប្បន្ន ខេត្តតាកែវ មានរោងចក្រ សហគ្រាស សរុបចំនួន៧៦៩ មានកម្មករនិយោជិតសរុបមានចំនួនជាង១១ម៉ឺននាក់ (ស្រីជិត៨ម៉ឺននាក់)។ ក្នុងនោះ រោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន១១៥, រោងចក្រសហគ្រាស ក្រៅពីកាត់ដែរ មានចំនួន៤៥៥កន្លែង, ផ្នែកសេវាកម្ម មានចំនួន១៩៥កន្លែង និងសិប្បកម្មផលិតឥដ្ឋ មានចំនួន៤កន្លែង។ នេះបើតាមរបាយការណ៍របស់លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តតាកែវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត