មកទល់ពេលនេះ ស្រូវប្រាំងជាង៩ម៉ឺនហិកតា ត្រូវបានអាជ្ញាធរបូមទឹកសង្រ្គោះ
S
Soriya Sou
24 មីនា 2025 09:30 AM


រាជធានីភ្នំពេញ៖ គិតមកទល់ពេលនេះ ស្រូវប្រាំងរបស់ប្រជាកសិករក្នុងរាជធានី-ខេត្តចំនួន១៧ ដែលមានទំហំដីសរុបប្រមាណជាង៩ម៉ឺនហិកតា ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធធ្វើអន្តរាគមន៍បូមទឹកជួយសង្រ្គោះ…។

ក្រសួងធនធានទឹកបានបញ្ជាក់កាលពីថ្ងៃទី២៣មីនាថា កិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤រហូតដល់ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៥ ក្រសួងធនធានទឹកបានសហការជាមួយមន្ទីរធនធានទឹករាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើអន្តរាគមន៍បូមទឹកដាក់ស្រែប្រាំងក្នុងភូមិសាស្រ្តជាយៗរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១៦ទៀត រួមមាន៖ បន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កំពង់ធំ, កំពត, កណ្តាល, ក្រចេះ, ព្រៃវែង, ពោធិ៍សាត់, សៀមរាប, ស្វាយរៀង, តាកែវ, ប៉ៃលិន, ត្បូងឃ្មុំ, កំពង់ឆ្នាំង, និង ឧត្តរមានជ័យ ដោយបានប្រើប្រាស់ម៉ាស៊ីនបូមទឹក, ម៉ាស៊ីនបូមទឹកចល័ត, និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។

តាមរបាយការណ៍របស់ក្រសួងធនធានទឹកបានឱ្យដឹងថា ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ផែនការធ្វើស្រូវប្រាំងសរុបមានជាង៥,៣សែនហិកតា ប៉ុន្តែការអនុវត្តជាក់ស្ដែងមានដល់ទៅជាង៩សែនហិកតា។ ក្នុងនោះ ផ្ទៃដីដែលត្រូវធ្វើអន្តរាគមន៍មានជាង៩,៣ម៉ឺនហិកតា។ អាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន១៧៣គ្រឿង ក្នុងនោះ ម៉ាស៊ីនបូមទឹកចល័តចំនួន១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន៤គ្រឿង ព្រមទាំងបានប្រើប្រាស់ប្រេងអស់ជាង៣,៤ម៉ឺនលីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត គឺទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹកនៅតែបន្តអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត