
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃ២២កក្កដា-១០សីហា ឆ្នាំ២០២៥ បណ្ដារាជធានីខេត្តរបស់កម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០កក្កដានេះ...។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងបញ្ជាក់ថា ស្ថានភាពភ្លៀងធ្លាក់នៅកម្ពុជា នឹងមានបរិមាណថយចុះ។ ចាប់ពីថ្ងៃទី២២កក្កដា-១០សីហា រាជធានី-ខេត្តមួយចំនួននៅតំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្តាល, តាកែវ និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងកម្រិតខ្សោយដែលគ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ ចំណែក តំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ស្ទឹងត្រែង, ក្រចេះ, រតនគិរី, មណ្ឌលគិរី, តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងកម្រិតខ្សោយដែលគ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។

ដោយឡែក តំបន់មាត់សមុទ្ទ រួមមាន៖ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប, និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។ ក្នុងនោះ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។ យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នអំពីស្ថានភាពធាតុអាកាស និងត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុនៅក្នុងពេលកូនរដូវប្រាំងនេះ៕




