រាជធានីភ្នំពេញ៖ គ្រប់បណ្ដារាជធានី-ខេត្តរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមក្រសួងធនធានទឹក និង ឧតុនិយម នាព្រឹកថ្ងៃទី២២កញ្ញា។

មូលហេតុបណ្ដាលឱ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ គឺដោយសារការបន្តរងឥទ្ធិពលព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា T2518 និង ព្យុះទី១៩ឈ្មោះ នេហ្គោរី T2519។ បើតាមក្រសួងធនធានទឹក ព្យុះទាំងពីរនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា។ ដូច្នេះ ស្ថានភាពនេះនឹងធ្វើឱ្យតំបន់វាលទំនាប ដូចជា៖ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កណ្តាល, តាកែវ, ស្វាយរៀង, និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-២៤កញ្ញា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤៥ភាគរយ។

តំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ជួរភ្នំដងរែក, និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្ទ រួមមាន៖ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប, និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣៥ភាគរយ ខណៈរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ ដូច្នេះ សូមបងប្អូនប្រជាពលបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស បងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ និង អ្នកដំណើរ ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមផ្លូវសមុទ្ទ៕

