កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពី៣៥-៤៥ភាគរយ ដោយសារឥទ្ធិពលព្យុះ «កាជិគី»
S
Soriya Sou
24 សីហា 2025 01:57 AM

រាជធានីភ្នំពេញ៖ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំផ្គរន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦សីហា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤សីហានេះ...។

រូបតំណាង/ Internet
រូបតំណាង/ Internet

ក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៣ឈ្មោះ កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ ហើយវាមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាគន្លងផ្លូវដើររបស់ព្យុះ «កាជិគី» ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជា ប៉ុន្តែស្ថានភាពនេះ នឹងធ្វើឱ្យតំបន់វាលទំនាប៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ ធ្វើឱ្យរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កណ្តាល, តាកែវ និង ស្វាយរៀង អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្ដប់លើផ្ទៃដី៤០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសពាយ័ព្យ មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, រតនគិរី, មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤៥ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ៖ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប, និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣៥ភាគរយ។ រលកសមុទ្រនឹងមានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២ម៉ែត្រកន្លះ។

យោងតាមការព្យាករនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវវគោក និងផ្លូវទឹក សូមប្រុងប្រយ័ត្នខ្ពស់ និង ត្រូវបន្តតាមដានពីស្ថានភាពធាតុអាកាសដែលជូនដំណឹងដោយក្រសួងធនធានទឹកជាប្រចាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត