
រដ្ឋធានីការទូម៖ កងទ័ពស៊ូដង់ដណ្ដើមបានការកាន់កាប់ទាំងស្រុងលើវិមានប្រធានាធិបតី នៅរដ្ឋធានីការទូម (Khartoum) នៅថ្ងៃសុក្រទី២១មីនានេះ ខណៈដែលប្រទេសកំពុងផុងខ្លួនចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល អស់រយៈពេល២ឆ្នាំមកហើយ ដោយបានគំរាមកំហែងដល់ការបែកបាក់សាមគ្គីផ្ទៃក្នុង និងការដួលរលំនៃប្រទេសទាំងមូល...។

បើតាមយោធា និងទូរទស្សន៍រដ្ឋស៊ូដង់បង្ហាញថា កងទ័ពស៊ូដង់បាននិងកំពុងប្រតិបត្តិការស្វែងរកការចាប់ខ្លួននៃសមាជិកកងកម្លាំងសម្របសម្រួលរហ័ស(RSF) នៅតាមតំបន់ជាច្រើន ជាពិសេសតំបន់ជុំវិញវិមានប្រធានាធិបតី ខណៈការបាញ់ប្រហារឥតឈប់ឈរបានលាន់ឮ និងខ្ទរពេញរដ្ឋធានីការទូម។ សាក្សីបង្ហាញថា ជម្លោះស៊ីវិលនៅក្នុងប្រទេស បាននាំឱ្យមានដំបៅវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររបស់ពិភពលោក ខណៈគ្រោះទុរ្ភិក្សបានកើតឡើងនៅតាមទីតាំងជាច្រើន និងបង្កឱ្យមានអ្នករងរបួស និងជំងឺឈឺស្កាត់នៅទូទាំងប្រទេស។ ជាក់ស្តែង មនុស្សប្រមាណ៩លាននាក់បានភៀសខ្លួនគ្រប់ច្រកល្ហក ទាំងក្នុង និងក្រៅប្រទេស ដើម្បីស្វែងរកទីតាំងសុវត្ថិភាព ស្របពេលមនុស្សជាង ១៨លាននាក់រស់នៅក្នុងភាពអត់ឃ្លាន។

គួររំឭកថា កងកម្លាំងសម្របសម្រួលរហ័សបានវាយប្រហារទាំងកំរោលដណ្តើមយកវិមានប្រធានាធិបតី និងតំបន់នៃរដ្ឋធានីការទូមភាគច្រើន នៅពេលផ្ទុះសង្រ្គាមក្នុងខែមេសា ឆ្នាំ២០២៣។ យ៉ងណា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងទ័ពស៊ូដង់បានវិលត្រលប់មកវិញជាមួយនឹងសមត្ថភាពមិនគួរឱ្យជឿ និងបានវាយសម្រុករុលទៅដល់វិមានប្រធានាធិបតីវិញតាមដងទន្លេនីល ហើយបានដណ្តើមការគ្រប់គ្រងពេញលេញលើវិមានប្រធានាធិបតីវិញ៕





