
ក្រុងប៉ោយប៉ែត៖ ក្រោយពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីផលលំបាកក្នុងការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃដោយសារក្រុមហ៊ុនអគ្គិសនីអានកូ ផ្គត់ផ្គងភ្លើងមិនគ្រប់គ្រាន់ រីឯទឹកស្អាតក៏ប្រែជាកខ្វក់មានក្លិនស្អុយ។ នៅថ្ងៃទី២០មីនា ឆ្នាំ២០២៥នេះ អាជ្ញាធរពាក់ព័ន្ធបានបើកកិច្ចប្រជុំជំរុញឱ្យក្រុមហ៊ុន មានវិធានការឆ្លើយតបទៅនឹងកង្វល់ពលរដ្ឋ...។

ថ្លែងក្នុងកិច្ចប្រជុំនៅសាលសាលាក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍នេះ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានណែនាំដល់ក្រុមហ៊ុនអគ្គិសនីអានកូ ឱ្យពន្លឿនការដោះស្រាយលើករណីដាច់ភ្លើងញឹកញាប់ ព្រោះវាបង្កឱ្យខូចខាតសម្ភារប្រើប្រាស់ពលរដ្ឋ។ ទន្ទឹមគ្នានោះ លោកក៏ស្នើក្រុមហ៊ុន ឱ្យយោគយល់ចំពោះការពិន័យអតិថិជនដោយផ្តាច់ភ្លើងមិនឱ្យប្រើប្រាស់ ក្រោមហេតុផលពលរដ្ឋទាំងនោះបង់ប្រាក់យឺត។ លោកថា៖«ពេល[ពលរដ្ឋ]បង់ភ្លើងយឺតយ៉ាវ[ក្រុមហ៊ុន]គួរតែអនុគ្រោះមិនត្រូវផ្តាច់ ត្រូវចេះអធ្យាស្រ័យឱ្យគ្នា»។ ម៉្យាងទៀតក្រុមហ៊ុនត្រូវប្រញាប់ចុះពិនិត្យ និងតភ្ជាប់ឱ្យបានរហ័សជូនអថិតិជន ក្នុងករណីមានការដាច់ភ្លើង។

ឆ្លើយតបនឹងបញ្ហានេះ តំណាងក្រុមហ៊ុនអគ្គិសនីអានកូបញ្ជាក់ថា ករណីអគ្គិសនីដាច់នៅតាមតំបន់ខ្លះក្នុងក្រុង គឺដោយសារក្រុមហ៊ុនជាអ្នកផ្តាច់ក្នុងរយៈពេលខ្លី។ ការផ្តាច់ចរន្តភ្លើងមិនឱ្យពលរដ្ឋប្រើនេះ ត្រូវបានតំណាងក្រុមហ៊ុនអះអាងថា ដោយសារកំណើននៃការប្រើប្រាស់របស់ពលរដ្ឋក្នុងរដូវក្ដៅកើនឡើងខ្លាំង។ ដ្បិតក្រុមហ៊ុនអគ្គិសនី ទិញបានថាមពលភ្លើងពីអគ្គិសនីកម្ពុជាត្រឹម១០៧ម៉េកាវ៉ាត់ និងទិញថាមពលអគ្គិសនីពីប្រទេសថៃបាន២៣មេកាវ៉ាត់។ ពោលគឺសរុបមានប្រមាណ១៣០មេកាវ៉ាត់ ខណៈការផ្គត់ផ្គង់ក្នុងក្រុងប៉ោយប៉ែត ត្រូវការលើសចំនួននេះ។ តំណាងក្រុមហ៊ុនបន្ថែមថា៖«ក្រុមហ៊ុនអគ្គិសនីអានកូប៉ោយប៉ែត ផ្គត់ផ្គង់ជាក់ស្តែងនៅខ្វះ២០មេកាវ៉ាត់ទៀតទើបអាចប្រើប្រាស់បានគ្រប់គ្រាន់ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត»។ ជាវិធានការក្រុមហ៊ុន បានស្នើសុំទិញបន្ថែម៣០មេកាវ៉ាត់ទៀតពីអគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០២៤ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់បានតភ្ជាប់នៅឡើយ។ នេះជាការអះអាងរបស់តំណាងក្រុមហ៊ុនអានកូក្នុងកិច្ចប្រជុំ។

សូមរំឭកថា ពាក់ព័ន្ធបញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់នេះ ប្រភពមួយចំនួនអះអាងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ក្នុងមួយថ្ងៃអគ្គិសនីដាច់ពី១០ទៅ២០ដង ពោលគឺតាំងពីព្រឹករហូតទល់យប់ ហើយកើតមានតាំងពីខែកុម្ភៈមក និងពុំឃើញក្រុមហ៊ុន និងអាជ្ញាធររកដំណោះស្រាយឡើយ។ ក្រៅពីប៉ះពាល់មុខរបរ និងការរស់នៅហើយនៅពេលដាច់អគ្គិសនីញឹកញាប់បែបនេះ បែរជាត្រូវកើនគីឡូភ្លើងទៅវិញ។ ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនមួយនេះ ក៏ពិបាកណាស់ដែរដ្បិតគុណភាពទឹកមិនស្អាតល្អ និងឧស្សាហ៍ដាច់ដូចគ្នា។ នៅពេលមកយកលុយពីពលរដ្ឋវិញ គឺគ្មានការយោគយល់ទេ គឺបុគ្គលិកក្រុមហ៊ុនធ្វើសកម្មភាពកាត់ផ្តាច់ដោយគ្មានមនោសញ្ជេតនាអ្វីឡើយ តែបើក្រុមហ៊ុនបង្កការលំបាកដាក់ពលរដ្ឋវិញ គឺមិខ្វះទេលេសនេះលេសនោះ មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនឡើយ៕





