បរទេស២៣០នាក់ដែលធ្វើការអនឡាញខុសច្បាប់នៅប៉ោយប៉ែត នឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ
អុន សម្ផស្ស
01 មីនា 2025 06:00 AM

ក្រុងប៉ោយប៉ែត៖ ក្រោយក្រសោបបានជនបរទេស២៣០នាក់ដែលស្ម័គ្រចិត្តសម្ងំលាក់ខ្លួនធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន នៅក្រុងប៉ោយប៉ែត ពេលនេះអាជ្ញាធរកម្ពុជា កំពុងរៀបចំនីតិវិធី និងបែបបទ ដើម្បីបញ្ជូនពួកគេទៅប្រទេសកំណើតវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥..។ 

អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ក្នុងចំណោមមុខសញ្ញាជនបរទេសចំនួន ២៣០នាក់ មានជនជាតិថៃ១១៩នាក់ ក្រៅពីនេះ ជាជនជាតិផ្សេងៗទៀត។ ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ជនបរទេសទាំងអស់ដែលត្រូវបានឃាត់ខ្លួន បានធ្វើដំណើរចូលកម្ពុជាមានទាំងស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារដែលមានចំណូលខ្ពស់។ តាមអាជ្ញាធរដដែល ពួកគេបំពេញការងារដោយការស្ម័គ្រចិត្ត ហើយក៏មិនដែលស្នើសុំដល់សមត្ថកិច្ចណាមួយ រួមទាំងរដ្ឋាភិបាលរបស់ពួកគេ ឱ្យជួយអន្តរាគមន៍ដើម្បីបានឈប់ពីការងារ ឬបានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះទេ។  

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖«ដោយសកម្មភាពរបស់ជនបរទេសទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដោយប្រើប្រាស់ទឹកដីកម្ពុជាលួចលាក់ធ្វើសកម្មភាព ចូលទៅប្រទេសដទៃផ្សេងទៀត និងដោយមិនទាន់មានបណ្តឹងជាក់លាក់របស់ជនរងគ្រោះណាមួយ សមត្ថកិច្ចកម្ពុជានឹងសហការជាមួយសមត្ថកិច្ចបរទេស ដែលជាប្រទេសកំណើតរបស់មុខសញ្ញាទាំងនោះ ដើម្បីរៀបចំនីតិវិធីនិងបែបបទបណ្តេញចេញ»

ដោយឡែកចំពោះជនជាតិថៃចំនួន១១៩នាក់ (ស្រី៥៨នាក់) កម្ពុជានឹងប្រគល់ឱ្យភាគីថៃនៅពេលឆាប់ៗនេះ ដើម្បីយកទៅបន្តការស៊ើបអង្កេតតាមច្បាប់ប្រទេសថៃ។ សូមរំឭកថា កាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាបានចុះបង្ក្រាបទីតាំងលួចលាក់ប្រតិបត្តិការអនឡាញខុសច្បាប់ពីរទីតាំង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឃាត់ខ្លួនមនុស្សចំនួន២៣០នាក់៕ 

អត្ថបទពាក់ព័ន្ធ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត