អភិបាលខេត្តស្រះកែវស្នើធ្វើរបង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ទប់ស្កាត់ឧក្រិដ្ឋកម្ម
ហៀប ស៊ីថេត
13 កុម្ភៈ 2025 09:00 AM

រាជធានីបាងកក៖ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខ លោក ភូមិថាំ វិឆាយ៉ាឆៃ បានយល់ព្រមពិចារណាលើសំណើរបស់អភិបាលខេត្តស្រះកែវសម្រាប់ការសាងសង់របងប្រវែង៥៥គីឡូម៉ែត្រ តាមបណ្តោយនៃព្រំដែនកម្ពុជា-ថៃ ជាមួយទំហំទឹកប្រាក់ចំនួន៣៨៥លានបាត ឬប្រមាណជាង១១លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយដោយកាសែតThai PBS។

លោក ភូមថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai)
លោក ភូមថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai)

ជាការពិតណាស់ លោក ភូមថាំ វិឆាយ៉ាឆៃ និងក្រុមការងារបានធ្វើដំណើរទៅកាន់ខេត្តស្រះកែវ ដើម្បីដោះស្រាយបញ្ហានៃសកម្មភាពខុសច្បាប់ដូចជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឬ Call Centre និងការជួញដូរមនុស្សនៅតាមព្រំដែន។ ជាមួយគ្នា លោកអភិបាលខេត្តស្រះកែវ ប៉ារីនយ៉ា ពោធិ៍សាត់ (Parinya Phothisat) បានស្នើឱ្យរាជរដ្ឋាភិបាលបើកការិយាល័យកុងស៊ុលថៃនៅព្រំដែនកម្ពុជា ដើម្បីធានាសុវត្ថិភាពប្រជាជនថៃប្រមាណ៣ម៉ឺននាក់ ដែលធ្វើការក្នុងខេត្តចំនួន៨ ក្នុងប្រទេសកម្ពុជា។ ជាពិសេស លោកបានស្នើឱ្យរាជរដ្ឋាភិបាលថៃផ្តល់ថវិកាចំនួន៣៨៥ លានបាត ដើម្បីសាងសង់របងព្រំដែន បំពាក់កាមេរ៉ាសុវត្ថិភាពឃ្លាំមើល ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងព្រំដែន។ 

ទន្ទឹមគ្នានេះ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) ថៃ លោក ត្រៃរ៉ាត់ វីរីយ៉ាសីរីគុល (Trairat Wiriyasirikul) បានរាយការណ៍ប្រាប់អភិបាលខេត្តស្រះកែវថា អង់តែនបញ្ជូនអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ដែលមានចម្ងាយមួយគីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងត្រូវរុះរើចោល ហើយកម្លាំងនៃសេវាអ៊ីនធឺណេតនៅលើអង់តែនផ្សេងទៀតនឹងត្រូវកាត់បន្ថយ ដើម្បីធានាថា សេវាអ៊ីនធឺណេតទាំងនោះត្រូវបានទទួល និងប្រើប្រាស់​​តែ​ក្នុង​ទឹកដី​ថៃ​ប៉ុណ្ណោះ។ ជុំវិញរឿងរ៉ាវដ៏រសើប និងក្ដៅដូចបាយពុះនេះ លោក ភូមថាំ វិឆាយ៉ាឆៃ បានរំពឹងថា វិធានការនេះ នឹងបង្អាក់ប្រតិបត្តិការដ៏ស្មោគគ្រោកនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឬ Call Centre ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត